(ឡុងដ៍)៖ សោកនាដកម្មដែលគ្មាននរណាអាចនឹកស្មានដល់ គឺការឆេះខុនដូកម្ពស់ ២៤ជាន់ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសកាលពីពេលថ្មីៗនេះ បានបង្កឲ្យគ្រួសារជាច្រើនព្រាត់ប្រាស់គ្នា ក្នុងនោះស្ត្រីជនជាតិម៉ូស្លីមម្នាក់បានរៀបរាល់ទាំងទឹកភ្នែក និងពាក្យសម្តីដ៏ក្តុកក្តួលបំផុត ដោយសារតែសមាជិកគ្រួសាររបស់លោកស្រី ចំនួន០៦នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅក្នុងខ្មោចអគារនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។
ស្ត្រីម៉ូស្លីមមួយរូបខាងលើនេះ គឺលោកស្រី Sawsan បានរៀបរាប់ទាំងទឹកភ្នែកថា «ខ្ញុំបានសម្លឹងមើលផ្លូវចេញពីអគារឆេះរៀងរាល់ថ្ងៃ ដោយសង្ឃឹមថា ពួកគេនឹងរត់ចុះមក... ខ្ញុំក៏សង្ឃឹមដែរថា ខ្ញុំអាចរកពួកគេឃើញនៅមន្ទីរពេទ្យ... ខ្ញុំមិនអាចធ្វើបានទេ ខ្ញុំពិតជាមិនអាចធ្វើអ្វីបានពិតមែននាពេលនេះ...»។
គួរបញ្ជាក់ថា មកដល់ថ្ងៃសុក្រសប្តាហ៍នេះ អាជ្ញាធរអង់គ្លេសបានបង្ហាញក្តីព្រួយបារម្ភខ្លាំងថា ចំនួនមនុស្សស្លាប់នៅក្នុងករណីអគ្គីភ័យដ៏ធំមួយ ដែលបានឆាបឆេះអគារខុនដូកម្ពស់២៤ជាន់ មួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅឯទីក្រុងឡុងដ៍នោះ អាចនឹងកើនឡើងលើសពី១០០នាក់ទៅទៀត ទោះបីជាបច្ចុប្បន្នតួលេខផ្លូវការ បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់បង់ជីវិតមានត្រឹម ១៧នាក់យ៉ាងណាក្តី។ ទន្ទឹមនឹងនេះសេវាសុខាភិបាលអង់គ្លេសក៏បានឲ្យដឹងដែរថា មនុស្សចំនួន ២៤នាក់កំពុងបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាច្រើន ទូទាំងទីក្រុងឡុងដ៍ ដោយក្នុងនោះមាន១២នាក់ នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដដែល។
អគារខាងលើនេះមានឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ ដែលត្រូវបានគេរាយការណ៍ថា បានទទួលរងការឆាបឆេះកាលពីវេលាម៉ោង ១៖១៦នាទីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) ចាប់តាំងពីជាន់ទីពីររហូតដល់ជាន់លើបំផុត ហើយក្រុមពន្លត់អគ្គីភ័យដល់ទៅជាង ២០០នាក់ បានចូលរួមពន្លត់គ្រោះអគ្គីភ័យដ៏ធំសម្បើមនេះ។ មនុស្សរហូតដល់ ៦០០នាក់ មានទាំងកុមារ និងជនចាស់ជរាត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅឋានប្រមាណ ១២០ខ្នង ដែលនៅក្នុងអគារកម្ពស់២៤ជាន់នោះ នៅពេលដែលអគ្គីភ័យបានកើតឡើង៕