(ឡាហាវ៉ាន់)៖ នយោបាយថ្មីរបស់ លោក ដូណាល់ ត្រាំ ទៅលើប្រទេសគុយបាត្រូវបានប្រកាសចេញហើយ ដោយវាមិនខុសអ្វីពីការចេញផ្សាយព័ត៌មានកន្លងមកនោះទេ នោះគឺរដ្ឋបាលអាមេរិកថ្មីនេះ បានចាប់ផ្តើមរឹតបន្តឹងទំនាក់ទំនង ការធ្វើដំណើរ និងពាណិជ្ជកម្មជាមួយគុយបាឡើងវិញ ដោយផ្ទុយទៅនឹងអ្វីដែលអតីតរដ្ឋបាលលោកអូបាម៉ា ធ្លាប់សម្រេចបានជាប្រវត្តិសាស្ត្រ។ ប្រការនេះបានបង្កឲ្យរដ្ឋាភិបាលគុយបា ខកចិត្តជាខ្លាំង និងហៅនយោបាយអាមេរិកនេះថា ជាដំណើរឆ្ពោះទៅរកភាពបរាជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលគុយបា បានបញ្ជាក់យ៉ាងដូច្នេះថា «យុទ្ធសាស្ត្រណាក៏ដោយ ដែលមានគោលដៅផ្លាស់ប្តូរ ប្រព័ន្ធនយោបាយ, សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសគុយបា ទោះបីវាជាចេតនាដើម្បីផលប្រយោជន៍ តាមរយៈការដាក់សម្ពាធ ឬការប្រឆាំងក៏ដោយ ឬជាការប្រើវីធីសាស្ត្រផ្សេងៗទៀត ដើម្បីរឹតបន្តឹងឡើងវិញលើគុយបា ទាំងនោះសុទ្ធតែជាជំហានឆ្ពោះទៅរកភាពបរាជ័យ»។
គួរបញ្ជាក់ថា នៅសុក្រសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានធ្វើការកែប្រែគោលនយោបាយចាស់ៗមួយចំនួន ដែលត្រូវបានបង្កើតឡើងដោយអតីតរដ្ឋបាលលោក អូបាម៉ា ហើយប្រការនេះ វានឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសអតីតបច្ចាមិត្តទាំងពីរនេះ វិលទៅរកភាពតានតឹងឡើងវិញ តាមរយៈការរឹតបន្តឹងជាថ្មីលើ ការធ្វើដំណើរ និងពាណិជ្ជកម្ម។ ទំនាក់ទំនងអាមេរិក និងគុយបាត្រូវបានបង្កើតឡើងវិញជាផ្លូវការកាលពីឆ្នាំ២០១៥ រវាងលោក អូបាម៉ា និងលោក កាស្ត្រូ ប៉ុន្តែពេលនេះ ស្រមោលខ្មៅបានត្រឡប់មកវិញហើយ ក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ៕