(តូក្យូ)៖ រឿងហេតុដ៏កម្រមួយបានកើតឡើង ដោយនាវាពិឃាតរបស់សហរដ្ឋអាមេរិក បានបុកជុលនឹងនាវាដឹកកុងតឺន័រដោតទង់ជាតិហ្វីលីពីន នៅក្នុងដែនទឹកជិតឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍នេះតែម្តង ដែលបានបណ្តាលឲ្យមនុស្ស០៧នាក់បាត់ខ្លួន និង០២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។
នាវាពិឃាតមីស៊ីលអាមេរិកដែលជួបគ្រោះថ្នាក់ខាងលើនេះ មានឈ្មោះថា USS Fitzgerald បានបុកនាវាដឹកកុងតឺន័រហ្វីលីពីនឈ្មោះ ACX Crystal នៅវេលាម៉ោង ២៖៣០នាទីទៀបភ្លឺថ្ងៃសៅរ៍នេះ ស្ថិតនៅដែនទឹកនៃភាគនិរតីខេត្ត Yokosuka ប្រទេសជប៉ុន។ នេះបើតាមការអះអាងរបស់កងទ័ពជើងទឹកអាមេរិក និងឆ្មាំការពារដែនសមុទ្ររបស់ហ្វីលីពីន។ សម្រាប់អ្នករងរបួសទាំងពីរនាក់នោះ គឺជាកងទ័ពជើងទឹកអាមេរិក ដែលរហូតមកដល់ពេលនេះ ពួកគេកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ ដោយក្នុងនោះម្នាក់មានសភាពរបួសធ្ងន់ធ្ងរណាស់។
បច្ចុប្បន្ននេះ កងកម្លាំងដែនសមុទ្រជប៉ុន កំពុងតែព្យាយាមស្វែងរកមនុស្សបាត់ខ្លួនទាំង០៧នាក់។ នាវាចម្បាំងអាមេរិកខាងលើនេះមានប្រវែង ១៥៤ម៉ែត្រ បានរងការខូចខាតធ្ងន់គួរសម ប៉ុន្តែដោយមានការជួយទាន់ពេលវេលារបស់ជប៉ុន ទើបអ្វីៗបានប្រសើរឡើងវិញ ហើយអាមេរិកក៏បានអរគុណដល់ជប៉ុនផងដែរ។ ដោយឡែកនាវាហ្វីលីពីនវិញមានប្រវែងរហូតដល់ ២២២ម៉ែត្រ មានគោលដៅឆ្ពោះទៅតូក្យូ ប៉ុន្តែក៏ជួបគ្រោះថ្នាក់តែម្តង។ សម្រាប់មូលហេតុដែលនាំកើតហេតុការណ៍នេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត៕