(វ៉ាស៊ីនតោន)៖ នាវាផ្ទុកយន្តហោះចម្បាំងប្រភេទថ្មីដំបូងបំផុតរបស់កងទ័ពជើងទឹកអាមេរិកមានឈ្មោះថា USS Gerald Ford ដែលចំណាយប្រាក់អស់រាប់ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍ឡើងនោះ ទើបតែត្រូវបានដាក់ឲ្យដំណើរការភ្លាម ក៏បានជួបបញ្ហាភ្លែត។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
សារព័ត៌មាន Bloomberg បានធ្វើសេចក្តីរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Gerald Ford កំពុងជួបប្រទះបញ្ហាលំបាក ពាក់ព័ន្ធនឹងការចុះចតរបស់យន្តហោះចម្បាំងធុន F-18 នៅលើនាវាដ៏ថ្លៃមហិកមានោះ។ យ៉ាងណាមិញ យោធាជើងទឹកអាមេរិក បានអះអាងថា បញ្ហាជាមួយការចុះចតយន្តហោះនេះ ត្រូវបានកែតម្រូវរួចរាល់ហើយ ក៏ប៉ុន្តែបញ្ហាមួយផ្សេងទៀត ដែលប្រហែលជាសំខាន់ជាងនេះទៀតនោះ នៅតែមិនទាន់បានដោះស្រាយរួចដដែល គឺយន្តហោះចម្បាំងធុន F-18 ដែលមានផ្ទុកប្រេងសាំងពេញបេននោះ មិនអាចហោះចេញនាវាចម្បាំង USS Gerald Ford បានឡើយ។
គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំង USS Gerald Ford ដែលមានតម្លៃប្រហែល១៣ពាន់លានដុល្លារនោះ មានបណ្តោយប្រវែង៣៣៧ម៉ែត្រ ដើរដោយថាមពលនុយក្លេអ៊ែរ និងមានសមត្ថភាពផ្ទុកយន្តហោះចម្បាំងលើសពី៧៥គ្រឿង និងត្រូវបានដាក់ឲ្យដំណើរការកាលពីចុងខែឧសភាកន្លងទៅនេះ៕