(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ល្បីល្បាញ Amazon បានប្រកាសថា ខ្លួននឹងធ្វើការទិញយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងទេស និងចំណីអាហារសរីរាង្គ Whole Foods Market នៅសហរដ្ឋអាមេរិកដូចគ្នា ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃដល់ទៅ ១៣.៧ពាន់លានដុល្លារ ដែលវាគឺជាការចំណាយដ៏ធំបំផុតមិនធ្លាប់មានពីមុនមកនោះឡើយ សម្រាប់ Amazon.com Inc។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅយប់ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
នាយកប្រតិបត្តិរបស់ Amazon លោក Jeff Bezos បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្សរាប់លាននាក់ ស្រឡាញ់និងចូលចិត្តក្រុមហ៊ុន Whole Foods Market ដោយសារតែពួកគេផ្តល់ចំណីអាហារនិងគ្រឿងទេស តាមបែបលក្ខណៈធម្មជាតិនិងសរីរាង្គពិតៗ ហើយពួកគេជួយធ្វើឲ្យការបរិភោគដោយគិតគូរពីសុខភាព មើលទៅគួរឲ្យសប្បាយរីករាយ»។
គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon នឹងធ្វើការទិញយកជាសាច់ប្រាក់សុទ្ធជាមួយតម្លៃ៤២ដុល្លារ ក្នុងមួយភាគហ៊ុននៃក្រុមហ៊ុន Whole Foods Market។ ដោយឡែកកាលពីឆ្នាំ២០១៤ ក្រុមហ៊ុន Amazon បានចំណាយប្រាក់សុទ្ធចំនួន៩៧០លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនផ្តល់សេវាវិដេអូហ្គេមដ៏ធំមួយមានឈ្មោះថា Twitch Interactive ដែលកាលណោះ វាគឺជាការចំណាយច្រើនជាងគេបំផុតសម្រាប់ Amazon៕