(ឡុងដ៍)៖ មកទល់ថ្ងៃសុក្រនេះ អាជ្ញាធរអង់គ្លេស កំពុងមានក្តីព្រួយបារម្ភថា ចំនួនមនុស្សស្លាប់នៅក្នុងករណីគ្រោះអគ្គីភ័យដ៏ធំមួយ ដែលបានឆាបឆេះអគារខុនដូកម្ពស់២៤ជាន់ មួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅឯទីក្រុងឡុងដ៍នោះ អាចនឹងកើនឡើងលើសពី១០០នាក់ទៅទៀត ទោះបីជាបច្ចុប្បន្នតួលេខផ្លូវការ បានបញ្ជាក់សិនថាជនរងគ្រោះដែលបានបាត់ បង់ជីវិតមានត្រឹម១៧នាក់យ៉ាងណាក្តី។ ទន្ទឹមនឹងនេះសេវាសុខាភិបាលអង់គ្លេសក៏បានឲ្យដឹងដែរថា មនុស្សចំនួន២៤នាក់កំពុងបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាច្រើន ទូទាំងទីក្រុងឡុងដ៍ ដោយក្នុងនោះមាន១២នាក់ នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមប៉ូលិសអង់គ្លេស មនុស្សយ៉ាងតិចចំនួន១៧នាក់បានស្លាប់ ហើយចំនួននេះត្រូវបានគេរំពឹងថា អាចនឹងបន្តកើនឡើង ត្បិតមនុស្សជាច្រើននាក់ នៅតែបន្តបាត់ខ្លួននៅឡើយដែលត្រូវគេសង្ស័យថា បានជាប់ខ្លួននៅក្នុងអគារកើតហេតុ។ មកទល់ពេលនេះ មូលហេតុនៃអគ្គិភ័យក៏ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នោះទេ ស្របពេលសំណួរជាច្រើនកំពុងត្រូវបានគេចោទសួរថា តើការជួសជុលកែលម្អអគារនេះឡើងវិញ អាចជាមូលហេតុចូលរួមចំណែកបង្កឱ្យមាន គ្រោះអគ្គិភ័យដ៏ប្រល័យនេះ ឬក៏យ៉ាងណា ស្របពេលដែលការស៊ើបអង្កេត បាននិងកំពុងបន្តប្រព្រឹត្តទៅ។
គួរបញ្ជាក់ថា អគារខាងលើនេះមានឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ ដែលត្រូវបានគេរាយការណ៍ថា បានទទួលរងការឆាបឆេះកាលពីវេលាម៉ោង ១៖១៦នាទីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) ចាប់តាំងពីជាន់ទីពីររហូតដល់ជាន់លើបំផុត ហើយក្រុមពន្លត់អគ្គីភ័យដល់ទៅជាង ២០០នាក់ បានចូលរួមពន្លត់គ្រោះអគ្គីភ័យដ៏ធំសម្បើមនេះ។ មនុស្សរហូតដល់ ៦០០នាក់ មានទាំងកុមារ និងជនចាស់ជរាត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅឋានប្រមាណ ១២០ខ្នង ដែលនៅក្នុងអគារកម្ពស់២៤ជាន់នោះ នៅពេលដែលអគ្គីភ័យបានកើតឡើង៕