(បាងកក)៖ បុគ្គលិកសម្អាតអនាម័យតាមដងផ្លូវម្នាក់បានទទួលរងរបួសស្រាល នារសៀលថ្ងៃសុក្រនេះ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកកែឆ្នៃមួយគ្រាប់ នៅក្បែរទីស្នាក់ការនៃអង្គការ UNESCO ប្រចាំនៅរាជធានីបាងកក នៃប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
ប៉ូលិសទីក្រុងបាងកកបានឲ្យដឹងថា វត្ថុធាតុផ្ទុះនោះស្ថិតក្នុងថង់ប្លាស្ទិចមួយ ដែលត្រូវបានគេលាក់ទុកនៅក្នុងគុម្ពផ្កាមួយកន្លែង នៅខាងលើទីស្នាក់ការរបស់អង្គការ UNESCO ក្នុងរាជធានីនៃប្រទេសថៃ ហើយខណៈពេលនោះស្រ្តីម្នាក់ ដែលកំពុងសម្អាតអនាម័យនៅលើចិញ្ចើមផ្លូវមុខនោះ បានប្រទះឃើញថង់នោះហើយក៏បើកវាឡើង ដែលពេលនោះហើយវត្ថុសង្ស័យបានផ្ទុះ។ ជាមួយគ្នាស្តី្ររងគ្រោះរូបនោះ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ និងពុំបានទទួលរងរបួសធ្ងន់ធ្ងររហូតគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
គួរបញ្ជាក់ថា ករណីផ្ទុះគ្រាប់បែកទ្រង់ទ្រាយតូចជាបន្តបន្ទាប់ បានកើតមានឡើងនៅក្នុងទីក្រុងបាងកក ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ហើយពុំមានក្រុមភេរវករណាមួយ ចេញមុខទទួលខុសត្រូវនោះឡើយ ក៏ប៉ុន្តែសកម្មភាពទាំងអស់នេះ ត្រូវបានគេសង្ស័យថា ក្រុមអ្នកប្រឆាំងនឹងរបបដឹកនាំយោធានៅក្នុងប្រទេស កំពុងបង្ហាញឲ្យឃើញពីការមិនពេញចិត្តរបស់ពួកគេ៕