(វិទ្យាសាស្ត្រ)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមួយក្រុម នឹងចាប់ផ្ដើមបេសកកម្មរយៈពេល១០ថ្ងៃ របស់ពួកគេនៅឯបាតសមុទ្រនៃមហាសាគរអាត្លង់ទិច ដែលនេះគឺជាផ្នែកមួយ ដើម្បីត្រៀមរៀបចំ សម្រាប់ការស្រាវជ្រាវអំពីជំរៅ និងបរិស្ថានដ៏លំបាកលើទីអវកាសនាពេលអានាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
យោងតាម Daily Mail បេសកកម្មផ្នែកស្រាវជ្រាវបរិស្ថាន NEEMO22 របស់អង្គការណាសា (NASA) នឹងបញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចទេសដឹកនាំដោយអ្នកអវកាសណាសា Kjell Lindgren ដើម្បីរស់នៅក្នុងជំរកស្រាវជ្រាវស្ថិតនៅជំរៅ ៦២ feet(ជិត២០ម៉ែត្រ) ក្រោមផ្ទៃបាតសមុទ្ររដ្ឋផ្លូរីដា ចាប់ពីថ្ងៃទី១៨ ខែមិថុនា នេះតទៅ។ បន្ថែមពីលើនេះនៅក្រោមផ្ទៃបាតសមុទ្រ ក្រុមអ្នកវិទ្យាសាស្ត្រទំាងនេះនឹងស្វែងយល់ពីភាពខុសគ្នា នៃទម្ងន់នៅក្រោមទឹក និងនៅលើទីអវកាស ក៏ដូចជាលក្ខខណ្ឌជាច្រើនទៀត សម្រាប់ស្ថានីយ៍ទីអវកាសអន្តរជាតិ នៅអំឡុងពេលដែលពួកគេ ដឹកនាំការសិក្សាស្រាវជ្រាវពីសមុទ្រ។
គួរបញ្ជាក់ថា នៅក្នុងការស្រាវជា្រវនេះ NEEMO22 ក៏នឹងធ្វើការពិសោធន៍ផងដែរ លើឧបករណ៍ spaceflight, ការតាមដានបច្ចេកវិទ្យា និងផលប៉ះពាល់នៃបរិស្ថានទៅលើសរីរាង្គនានានៃអ្នកវិទ្យាសាស្ត្រ និងនៅពេលកំពុងគេង ព្រមទាំងធ្វើតេស្ដលើឧបករណ៍ ESA ដែលត្រូវរចនាឡើង ដើម្បីជម្លៀសមនុស្សរងរបួស នៅអំឡុងពេលដើរនៅលើឋានព្រះច័ន្ទជាដើម៕