(ប៉េកាំង)៖ ប៉ូលិសចិនបាន​បញ្ជាក់នាថ្ងៃសុក្រនេះថា ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ ដែលបានផ្តាច់​យកជីវិតមនុស្ស​សរុបចំនួន​០៨នាក់ នៅក្រៅសាលា​មត្តេយ្យ​មួយកន្លែង នៃភាគខាងកើតប្រទេសចិននោះ ត្រូវបានបង្កឡើង​ដោយគ្រាប់បែកកែច្នៃមួយគ្រាប់ ហើយជនសង្ស័យ​ក៏បានបាត់បង់ជីវិត​​ ទៅ​ជាមួយ​​គ្នា​​ផង​ដែរ​។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃសុក្រ​ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ប៉ូលិសក្នុងតំបន់​កើតហេតុ​បានឲ្យដឹងថា មានហេតុការណ៍ផ្ទុះដ៏​ខ្លាំងក្លាមួយ បានកើតឡើង​នៅខាងក្រៅ​សាលាមត្តេយ្យ​​មួយកន្លែង ស្ថិតក្នុងក្រុង Xuzhou នៃខេត្ត Jiangsu ភាគខាងកើត​នៃប្រទេសចិន នាវេលាម៉ោងប្រមាណ ៤៖៥០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ (ម៉ោងក្នុង​តំបន់)។ យោង​​តាម​​​តួលេខ​ចុងក្រោយ ហេតុការណ៍ដ៏កក្រើកខាងលើនេះ បាន​បណ្តាលឲ្យមនុស្ស​ ៦៥នាក់ ទទួលរងរបួស និង​ពីរ​នាក់​បាន​បាត់​បង់​ជីវិត​​នៅ​ហ្នឹង​កន្លែង​កើត​ហេតុ​​ភ្លាមៗតែម្តង​ ខណៈ០៦នាក់ផ្សេង​ទៀតបានស្លាប់​នៅឯមន្ទីរពេទ្យ។

គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍​របស់ក្រសួងសន្តិសុខ​សាធារណៈចិន ជនសង្ស័យគឺជាបុរស​វ័យ២២ឆ្នាំម្នាក់ ដែលមានបញ្ហា​សុខភាព និង​បាន​ជួបលបន្ទប់​​ស្នាក់នៅ នៅក្បែរកន្លែង​កើតហេតុ៕