(កាតា)៖ យោងតាមសារព័ត៌មាន​បរទេសមួយ កាលពីពេលថ្មីៗនេះ​បានចុះផ្សាយថា ហេតុផលដែល​ជម្រុញឱ្យប្រទេស​ជាសម្ព័ន្ធមិត្ត​ក្នុងតំបន់ កាត់ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយប្រទេស​កាតា ដែលបានបង្កភាព​ងឿងឆ្ងល់ជាខ្លាំង​សម្រាប់មនុស្សគ្រប់គ្នានោះ គឺដោយសារ​ប្រទេសនេះផ្តល់​មូលនិធិឧបត្ថម្ភ​ដល់អំពើភេរវកម្ម។

យ៉ាងនេះក្តី ហេតុផលពិតប្រាក​ដដែល​នៅពីក្រោយវិបត្តិ​ការទូតនេះ មិនមែនជារឿង​សាមញ្ញនោះឡើយ វាមានពាក់ព័ន្ធនឹង​រឿងរ៉ាវដ៏ចម្រូង​ចម្រាស ដែលបានអូសបន្លាយអស់រយៈពេលជាយូរមកហើយ នោះគឺ «ភាពលេចមុខ​លេចមាត់របស់​ប្រទេសកាតា ក្នុងនាមជាប្រទេសនាំ​ចេញឧស្ម័នធម្មជាតិ​ធំមួយ លំដាប់ពិភពលោក»

រំលឹកដល់ហេតុការណ៍​កាលពីឆ្នាំ២០១២បន្តិច ដោយវាមានពាក់ព័ន្ធ​នឹងប្រទេសកាតា ព្រមទាំងបង្ហាញ​យ៉ាងច្បាស់ពី​ដើមហេតុ​នៃសង្គ្រាមនៅស៊ីរី ដែលបន្ត​អូសបន្លាយ​ដល់បច្ចុប្បន្ន ត្រូវបានគេឱ្យ​ឈ្មោះថា «សង្គ្រាមបំពង់​បង្ហូរឧស្ម័ន»។ កាលពីប៉ុន្មានឆ្នាំមុន ប្រទេសកាតា​មានមហិច្ឆតា​ចង់តបំពង់ បង្ហូរឧស្ម័នដោយ​ផ្ទាល់ទៅអឺរ៉ុប តែត្រូវឆ្លងកាត់ដែនដី​មួយចំនួនក្នុងនោះ​មានទាំងស៊ីរីផងដែរ។ ជាការពិត រុស្ស៊ីមិនចង់ឱ្យ​បំណងរបស់កាតា​សម្រេចបានឡើយ ព្រោះថា ប្រសិនបើ​ប្រទេសកាតា​អាចបង្ហូរឧស្ម័ន​ដោយផ្ទាល់​ទៅអឺរ៉ុបបាន វានឹងធ្វើឱ្យអឺរ៉ុប​កាត់បន្ថយការពឹងផ្អែកទាំងស្រុង ទៅលើឧស្ម័ន​របស់ខ្លួន។

ដោយសម្លឹង​ឃើញផលប្រយោជន៍​ពីរឿងនេះ រដ្ឋាភិបាលអាមេរិក​ក្រោមការដឹកនាំ​របស់ លោក អូបាម៉ា បានលូកដៃ ព្រមទាំងមានចេតនាចង់ទម្លាក់ លោក បាស្សា អាល់ អាស្សាដ ក្រោមលែសថា ប្រកាន់របបផ្តាច់ការ តែការពិតដោយ​សារមេដឹកស៊ីរី​រូបនេះ បានបដិសេធមិន​ព្រមតាមសំណើ​របស់កាតា ដែលចង់ដាក់បំពង់បង្ហូរ ឆ្លងកាត់ដែនដី​របស់ខ្លួនទៅអឺរ៉ុប។ វាអាចជាហេតុ​ផលគ្រប់គ្រាន់ក្នុង​ការពន្យល់ថា ហេតុអ្វី​រុស្ស៊ី ព្យាយាម​ការពារអំណាច​លោក បាស្សា អាល់ អាស្សាដ បែបនេះគឺដើម្បីឱ្យ​ប្រទេសស៊ីរីរួចផុត​ពីកណ្តាប់ដៃ​ នៃរដ្ឋាភិបាល​ដែលជាអាយ៉ង​អាមេរិក។

មូលហេតុដែល​ធ្វើឱ្យឧស្ម័នធម្មជាតិ​ ក្លាយជាប្រភពនៃវិបត្តិនៅកាតានេះ បានចាប់ផ្តើម​ឡើងតំាំងពីឆ្នាំ១៩៩៥មកម្ល៉េះ គឺនៅពេលដែល​ឧបទ្វីបអារ៉ាប់ នាំចូលឧស្ម័ន​ធម្មជាតិពីប្រទេស កាតា ដែលជាប្រភពឧស្ម័ន​ដ៏ធំមួយរបស់​ពិភពលោក។ ឆ្នេរភាគខាងជើង បានផ្តល់ឱ្យប្រទេស​កាតានូវភោគទ្រព្យ ឧស្ម័នជាច្រើន​សន្ធឹកសន្ធាប់។

ជាលទ្ធផល​សេដ្ឋកិច្ចរបស់​កាតា ចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័ស​ប្រហាក់ប្រហែល​នឹងប្រទេស អារ៉ាប៊ីសាអូឌីត​ផងដែរ ដែលពឹងផ្អែក​ទៅលើធនធាន​ប្រេងឆៅ ដ៏ច្រើនសន្ធឹកសន្ធាប់​របស់ខ្លួន។ ធនធានឧស្ម័ននេះ​បានកែប្រែមុខមាត់​ប្រទេសកាតា មិនត្រឹមតែក្លាយ​ជាប្រទេសអ្នកមាន​លើពិភពលោក ដែលមានប្រាក់​ចំណូលប្រចាំឆ្នាំ សម្រាប់ប្រជាពលម្នាក់ៗ​រហូតដល់ ១៣០ពាន់ដុល្លារ​ប៉ុណ្ណោះទេ ថែមទាំងជា​ប្រទេសនាំចេញឧស្ម័ន​រាវធំមួយ លំដាប់ពិភពលោក​ផងដែរ។

ភាពលេចត្រដែត​ដោយសារឧស្ម័ននេះ បានជម្រុញឱ្យ​កាតាអាចផ្តាច់ខ្លួន ចេញពីភាពចំណុះ​ឱ្យប្រទេស​អារ៉ាប៊ីសាអូឌីត ដែលជាប្រទេស​ផលិតប្រេងដ៏សម្បើម និងជាដៃគូក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​របស់ប្រទេសកាតា នៅតំបន់​ឈូងសមុទ្រ។ វាបានផ្តល់ឱកាស​ដល់ប្រទេសកាតា​ដ៏តូចមួយនេះ បញ្ចប់ភាព​លេចធ្លោ​​របស់ប្រទេស​អារ៉ាប៊ីសាអូឌីត ដែលជាប្រទេស​ជិតខាងរបស់ខ្លួន។ និយាយឱ្យខ្លី ក្នុងរយៈពេល​ពីរទសវត្សរ៍កន្លងទៅនេះ កាតា បានក្លាយជា​មហាអំណាចនាំចេញ​ឧស្ម័នធម្មជាតិ​ ធំជាងគេតែមួយគត់ប្រចាំតំបន់ ដោយមានតែ​ក្រុមហ៊ុន Gazprom របស់រុស្ស៊ីប៉ុណ្ណោះ ដែលអាចប្រកួត​ប្រជែងជាមួយ​កាតាបាន លើការនាំចេញ​ឧស្ម័នធម្មជាតិនេះ។

រឿងនេះ​បង្កឱ្យអារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀតក្នុងតំបន់​មិនសប្បាយចិត្ត ដោយចោទកាតាថា ជាប្រទេសគាំទ្រភេរវករ ព្រមទាំងប្រកាស​កាត់ផ្តាច់ទំនាក់ទំនងកាទូត និងបិទច្រកព្រំដែន​របស់ខ្លួន ដែលជាច្រកផ្លូវគោក​តែមួយគត់របស់កាតា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំ​កន្លងទៅនេះ ប្រទេស​កាតា​ដឹងច្បាស់ថា រុស្ស៊ីច្បាស់ជា​មិនអនុញ្ញាតឱ្យខ្លួន ដាក់បំពង់បង្ហូរ​ឧស្ម័នឆ្លងកាត់ស៊ី​រីបាននោះទេ ទើបកាតាដាក់ចេញ​នូវយុទ្ធសាស្ត្រឆ្ពោះ​ទៅរកការគាំទ្ររុស្ស៊ី។ ជាក់ស្តែងកាលពី​ឆ្នាំមុន ប្រទេសមួយនេះ​បានព្រមព្រៀងធ្វើការវិនិយោគជាទឹកប្រាក់ចំនួន ២.៧ពាន់លានដុល្លារ​ក្នុងក្រុមហ៊ុនប្រេងរុស្ស៊ី Rosneft បើទោះបីជា​ប្រទេសកាតា បានក្លាយជាម្ចាស់ផ្ទះ​នៃវត្តមានយោធាអាមេរិក​ ច្រើនជាងគេក្នុងតំបន់ក្តី។

យុទ្ធសាស្ត្រនេះ បានបន្ថែមក្តីបារម្ភ​កាន់តែខ្លាំងថែមទៀត​ដល់សត្រូវរបស់​កាតា ហើយពួកគេយល់ថា កាតាកំពុងក្លាយ​ជាប្រទេសដែលគាំទ្រ​យ៉ាងសកម្មទៅលើ សម្ព័ន្ធរុស្ស៊ី អ៊ីរ៉ង់ និងស៊ីរី។

ជាលទ្ធផល​វាជម្រុញឱ្យប្រទេសនេះ កាន់តែមានកំណើន​ហិរញ្ញវត្ថុ និងនយោបាយដោយ​ភាពឯករាជ្យ។ លោក Jim Krane អ្នកស្រាវជ្រាវ​ផ្នែកថាមពលម្នាក់បាន​លើកឡើងថា «ប្រទេសកាតាដែលធ្លាប់តែ​ជាប្រទេសចំណុះ​ឱ្យអារ៉ាប៊ីសាអូឌីត ប៉ុន្តែពេលនេះ​បានប្រើប្រាស់​ធនធានឧស្ម័ន​របស់ខ្លួន ដើម្បីទាញ​យកឯករាជ្យភាព​ដោយខ្លួនឯងវិញម្តង។

ជាងនេះទៅទៀតនោះ ឧស្ម័នធម្មជាតិ​របស់កាតា មិនបានឱ្យ​ប្រទេសនេះ​ ជាប់ក្រោមសម្ពាធ​​នយោបាយអ្វីឡើយ​នាពេលកន្លងមក។ ហេតុផលទាំងនេះជម្រុញឱ្យ​ បណ្តាប្រទេសក្នុងតំបន់​មិនស្កប់ចិត្ត និងតែងតែរង់​ចាំឱកាស​ដើម្បីច្រឹបស្លាបប្រទេស​អ្នកមាន ដ៏តូចមួយនេះចោលជានិច្ច។

សារព័ត៌មាន Bloomberg បានបន្ថែមថា «មិនយូរប៉ុន្មាន​ឱកាសដែលពួកគេរង់ចាំ​ក៏មកដល់ នោះគឺដំណើរ​ទស្សនកិច្ច​នាពេលថ្មីៗនេះរបស់ លោក ដូណាល់ ត្រាំ ក្នុងប្រទេស​អារ៉ាប៊ីសាអូឌីត បន្ទាប់ពីលោក​បានស្នើបណ្តា​ប្រទេសទាំងអស់ កាត់ផ្តាច់ទំនាក់ទំនងពីអ៊ីរ៉ង់។ ឆ្លើយតបបញ្ហានេះ កាតាបានប្រកាស​បដិសេធ​ជាផ្លូវការ។ នេះហើយជាឱកាស​ដែលបណ្តាប្រទេសទាំងអស់​ក្នុងតំបន់​ ព្រួតគ្នាសង្កត់ក​ប្រទេសកាតា​ក្រោមលែសថា ជាប្រទេសគាំទ្រភេរវករ ខណៈដែលអាមេរិក​កំពុងបែរខ្នងដាក់ ដោយភ្លេចថា​ប្រទេស កាតាជាជម្រក​នៃមូលដ្ឋានយោធា​ដ៏សំខាន់ របស់អាមេរិក​ប្រចាំតំបន់នេះ»

សំនួរដែលនៅតែត្រូវការពេលវេលា ដើម្បីទទួលបានចម្លើយពេលនេះគឺថា តើអាមេរិកនឹងត្រូវបង្ហាញឥរិយាបទ ឬដោះស្រាយវិបត្តិនេះដូចម្តេច ជៀសវាងកុំឲ្យបាត់បង់ផលប្រយោជន៍ពីភាគីនៃជម្លោះទាំងពីរ នោះគឺពិភព​អារ៉ាប់ និងប្រទេសកាតា?

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា