(ម៉ានីល)៖ ឈានចូលមកដល់សប្តាហ៍ទី០៤ទៅហើយ ទីក្រុង Marawi នៃខេត្តមីនដាណាវ ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីននោះ នៅតែបន្តធ្វើជាទីលានប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល លោក រ៉ូឌ្រីហ្គោ ឌូតឺតេ និងក្រុមឧទ្ទាម Maute ជាសម្ព័ន្ធនឹងពួក អាប៊ូសាយយ៉ាហ្វ ដែលទើបមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS។ ប្រការនេះហើយទើបយោធាបានប្រកាស បង្កើនពេលវេលាក្រសោបយកទីក្រុងនេះមកវិញម្តងទៀត ដែលកាលពីមុននោះកងកម្លាំង លោក ឌូតឺតេ ធ្លាប់ប្តេជ្ញាថា នឹងបណ្តេញក្រុមឧទ្ទាមទាំងនោះ ឲ្យអស់នៅមុនថ្ងៃបុណ្យឯករាជ្យជាតិថ្ងៃទី១២ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញ AFP នារសៀលថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
អ្នកនាំពាក្យយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ត្រី Restituto Padilla បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយនាពេលថ្មីៗនេះថា «យើងនឹងមិនធ្វើការកំណត់ពេលទៀតឡើយ។ វានឹងត្រូវការពេលបន្ថែមទៀត»។ យោធាហ្វីលីពីនបានបន្ថែមទៀតថា កងកម្លាំងរបស់ពួកសកម្មប្រយុទ្ធ Maute គឺមានច្រើនលើសពីការរំពឹងទុករបស់យើង ដែលវាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។ បន្ថែមពីនេះយោធាហ្វីលីពីន ក៏បានឲ្យដឹងថា ក្រុមឧទ្ទាមគាំទ្រ ISIS មានផ្លូវរូងសម្ងាត់ មូលដ្ឋានលាក់ខ្លួន គ្រាប់បែករាប់រយគ្រាប់ និងអាវុធដែលមានសមត្ថភាពខ្ពស់ជាច្រើន។
គួរបញ្ជាក់ថា តាមតួលេខចុងក្រោយរបស់កងកម្លាំងយោធាហ្វីលីពីន សង្គ្រាមដែលបានអូសបន្លាយ នៅខេត្តភាគខាងត្បូងមួយនេះ ចាប់តាំងពីថ្ងៃទី២៣ ខែឧសភាមក បានបណ្តាលឲ្យមនុស្ស ២៩០នាក់ស្លាប់ ក្នុងនោះ ២០៦នាក់ជាពួកសកម្មប្រយុទ្ធ, ៥៨នាក់ជាទាហានហ្វីលីពីន, និង ២៦នាក់ជាជនស៊ីវិល។ ទោះបីជាបែបនេះក្តី ប្រជាជន ឬសាក្សីដែលបានអះអាងថា បានឃើញសាកសពជាច្រើនផ្ទាល់ភ្នែកនោះ ពួកគេបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សខ្ទង់ ៥០០នាក់ឯណោះបានបាត់បង់ជីវិត ហើយក្នុងនោះក៏អាចមានប្រជាជនស្លូតត្រង់រាប់រយនាក់ផងដែរ៕