(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ឡើងវិញថា ទីក្រុងម៉ូស្គូមិនដែលបានជ្រៀតជ្រែកនៅក្នុងកិច្ចការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ឬក៏បណ្ដាប្រទេសដទៃទៀតឡើយ តែផ្ទុយទៅវិញគឺទីក្រុងវ៉ាស៊ីនតោនទៅវិញទេ ដែលបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតរុស្ស៊ី និងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។ ចេតនាអាក្រក់របស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទំាងការប្រមូលផ្ដុំកម្លំាងក្រុមបក្សប្រឆាំង ហើយផ្ដល់លុយកាក់ឱ្យពួកគេធ្វើចលនាប្រឆាំងនឹងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទមួយ ឆ្លើយតបទៅនឹងសំណួរថា តើសហរដ្ឋអាមេរិក បានលូកដៃចូលក្នុងកិច្ចបោះឆ្នោតរុស្ស៊ីកាលពីឆ្នាំ២០១២ដែរ ឬទេ? លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «ពួកគេ (សហរដ្ឋអាមេរិក) បានធ្វើវាតាំងតែពីឆ្នាំ២០០០មកម្ល៉េះ ជាពិសេសនោះគឺនៅឆ្នាំ២០១២តែម្ដង ដែលពួកគេបានលូកដៃក្នុងកិច្ចការបោះឆ្នោតរុស្ស៊ី ... តែខ្ញុំនឹងមិនបញ្ជាក់អ្វីលម្អិតនោះទេ ត្បិតដៃគូរបស់សហរដ្ឋអាមេរិកក៏បានដឹងពីរឿងនេះដែរ ហើយខ្ញុំថែមទំាងធ្លាប់បានប្រាប់រឿងនេះ ដល់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) និងអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ទៀតផង។ រឹតតែច្បាស់ជាងនេះទៅទៀតនោះគឺ ពួកគេបានប្រមូលកម្លំាងបក្សប្រឆាំង និងផ្ដល់ហិរញ្ញវត្ថុដល់ពួកគេ ដើម្បីយកទៅចាយវាយ ធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលតែម្តង»។
គួរបញ្ជាក់ថា បើតាមប្រធានាធិបតីរុស្ស៊ី លោក ពូទីន សហរដ្ឋអាមេរិកធ្លាប់បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអតីតសហភាពសូវៀត បណ្ដាប្រទេសអឺរ៉ុបខាងកើត និងប្រទេសដទៃ ទៀតដូចជានៅអាហ្រ្វិក និងអាមេរិកឡាទីនជាដើម តាមរយៈវិធីសាស្ត្រនានា ដូចដែលបានរៀបរាប់ខាងលើនេះ៕