(គួឡាឡាំពួ)៖ កងទ័ពអាកាសនៃប្រទេសម៉ាឡេស៊ីបានប្រកាសឲ្យដឹងថា ក្រុមជំនាញយោធាបានធ្វើការកែច្នៃ យន្តហោះចម្បាំងរុស្ស៊ីធុន Sukhoi Su-30 ឲ្យមានសមត្ថភាពអាចបំពាក់គ្រាប់បែក GBU-12 ដែលត្រូវបានផលិតឡើងដោយសហរដ្ឋអាមេរិក និងបានធ្វើតេស្តសាកល្បងដោយជោគជ័យផងដែរ កាលពីចុងឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
នាពេលថ្មីៗនេះកងទ័ពជើងអាកាសម៉ាឡេស៊ី បានបង្ហោះវិដេអូមួយ បង្ហាញពីយន្តហោះចម្បាំងធុន Su-30MKM ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់ប្រើប្រាស់ដោយយោធាម៉ាឡេស៊ីនោះ កំពុងធ្វើការទម្លាក់គ្រាប់បែក GBU-12 មានទម្ងន់ជាង ២០០គីឡូក្រាម ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍សព្វាវុធរបស់អាមេរិក Lockheed-Martin និង Raytheon។ ហើយបើយោងតាមចំណងជើងរបស់វីដេអូដដែលនោះ ការធ្វើតេស្តនេះបានប្រព្រឹត្តទៅកាលពីវិច្ឆិកា ឆ្នាំ២០១៦ នៅទីតាំងសាកល្បងសព្វាវុធ របស់កងទ័ពអាកាសម៉ាឡេស៊ី។
គួរបញ្ជាក់ថា កងទ័ពអាកាសនៃប្រទេសម៉ាឡេស៊ី មានយន្តហោះចម្បាំងសរុបចំនួន ៤៩គ្រឿង ដោយនៅក្នុងចំណោមនោះ មានយន្តហោះរុស្ស៊ីធុន Su-30MKM ១៨គ្រឿង, F-18 ០៨គ្រឿង, MiG-29 ១០គ្រឿង, និង Hawk 208 ១៣គ្រឿង។ ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ យន្តហោះចម្បាំងប្រភេទ Hawk មួយគ្រឿងបានធ្លាក់អំឡុងពេលហ្វឹកហាត់ បណ្តាលឲ្យពីឡុតពីររូបបាត់បង់ជីវិតផងដែរ៕