(ម៉ាឌ្រីត)៖ ស្របពេលកំពុង​ជាប់ទណ្ឌកម្មសេដ្ឋកិច្ច​ ពីសហគមន៍អន្តរជាតិ កូរ៉េខាងជើង​បានឆ្លៀតយកពេល​វេលា​ពីការបាញ់មីស៊ីលបង្អួត​សហរដ្ឋអាមេរិក មកធ្វើបទបង្ហាញពី​ការទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យទៅកម្សាន្ត​ប្រទេស​របស់ខ្លួន។ ការធ្វើបទបង្ហាញនេះ​ធ្វើឡើងនៅក្នុងពិធីមួយ រៀបចំឡើងក្នុង​ទីក្រុងម៉ាឌ្រីត​ប្រទេសអាស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ដោយអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំទីក្រុងម៉ាឌ្រីត និងអង្គការទេសចរណ៍​ពិភពលោក (​WTO)។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងនាឱកាស​នោះដែរ អគ្គរដ្ឋទូត​កូរ៉េខាងជើង លោក Kim Hyok-Chol បានបញ្ជាក់ថា ប្រទេសរបស់​លោក​បានត្រៀមខ្លួនរួចហើយ ក្នុងការបើកចំហវិស័យទេសចរណ៍ និងរៀន​សូត្រពីវិស័យទេសចរណ៍​អេស្ប៉ាញ។ ជាងនេះទៅទៀត បច្ចុប្បន្ន​ទីក្រុងព្យុងយ៉ាង​ក៏នឹងជួយសម្រួលផងដែរ​ដល់ភ្ញៀវទេសចរ មកពីបណ្ដា​ប្រទេសលោក​ខាងលិច តាមរយៈ​ការកាត់បន្ថយ​ពេលវេលារង់ចាំ​ទទួលយកទិដ្ឋាការ និងវិធានការ​ជាច្រើនផ្សេងទៀត។ ដោយឡែក​អគ្គលេខាធិការ WTO លោក Taleb Rifai ដែលទើបតែទៅ​ធ្វើទេសចរណ៍នៅកូរ៉េ​ខាងជើងនាពេលថ្មីៗនេះ បានជំរុញឱ្យអ្នក​ទេសចរណ៍អេស្ប៉ាញ និងអឺរ៉ុបធ្វើដំណើរ​ទៅកាន់កូរ៉េខាងជើង។

លោក Rifai បានលើកឡើង​ទៀតថា ភ្ញៀវទេសចរអឺរ៉ុប​កាន់តែច្រើនធ្វើដំណើរទៅកូរ៉េខាងជើង គឺមានន័យថា វាជារឿងល្អសម្រាប់​ប្រជាជន​កូរ៉េខាងជើង ក្នុងការស្វែងយល់ពី​ពិភពលោកខាងក្រៅ ហើយថា វាគឺជារឿងមិនទំនង​ដែលគេមិនឆ្លើយ​តបវិជ្ជមាន ចំពោះចេតនារបស់​ទីក្រុងព្យុងយ៉ាង ក្នុងការបើកចំហទ្វារទទួលយកភ្ញៀវទេសចរលោកខាង​លិច។ «វិស័យទេសចរណ៍​នាំមនុស្សឱ្យ​ស្គាល់គ្នាទៅវិញ​ទៅមក... នេះជាការងារ កាតព្វកិច្ច និងទំនួល​ខុសត្រូវ ដែលយើងត្រូវតែធ្វើ​នៅគ្រប់ទីកន្លែង​ទំាងអស់នៅ​លើពិភពលោក»។ នេះបើតាម​លោក Rifai​៕