សហរដ្ឋអាមេរិក «នឹងបញ្ជូនទ័ពអាមេរិក ៤,០០០នាក់ ទៅអាហ្វហ្គានីស្ថាន» ក្នុងគោលដៅបញ្ចប់សង្គ្រាមដ៏រុំារ៉ៃ ជាស្ថាពរតែម្តង!
16-06-2017 09:53
(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ក្រសួងការពារជាតិអាមេរិកនឹងបញ្ជូនកងទ័ពអាមេរិកបន្ថែមជាង ៤,០០០នាក់ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងក្ដីសង្ឃឹមមួយថា អាចនឹងជួយរដ្ឋាភិបាលទីក្រុងកាប៊ុល បញ្ចប់សង្រ្គាមរុំារ៉ៃនៅក្នុងប្រទេស ដែលអូសបន្លាយអស់រយៈពេលរាប់ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Post នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមមន្ត្រីខាងលើនេះដដែល ក្នុងលក្ខខណ្ឌមិនបញេ្ចញអត្តសញ្ញាណបានឲ្យដឹងទៀតថា ការបញ្ជូនកងទ័ពអាមេរិកបន្ថែមនេះ នឹងក្លាយជាការដាក់ពង្រាយកងទ័ពអាមេរិក ដ៏ធំបំផុតនៅក្រោមរដ្ឋបាល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយការសម្រេចចិត្តនេះ ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិ លោក Jim Mattis អាចនឹងត្រូវប្រកាសនៅដើមសប្ដាហ៍ក្រោយនេះហើយ។
មួយវិញទៀត តាមរយៈការដាក់ពង្រាយកងទ័ពនេះ វាអាចនឹងជួយដល់កងកម្លាំងអាហ្វហ្គានីស្ថាន ដើម្បីប្រយុទ្ធតតាំងជាមួយក្រុមឧទ្ទាមតាលីបង់ ខណៈបច្ចុប្បន្នគ្រប់គ្នាបានមើលឃើញថា កងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល មានភាពទន់ខ្សោយក្នុងការ ប្រឈមមុខនឹងក្រុមតាលីបង់ ដែលកំពុងដណ្ដើមកាន់កាប់ទឹកដីជាច្រើន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពី កងទ័ពបរទេស រួមទំាងអាមេរិកមួយភាគធំបានដកចេញពីប្រទេសដ៏កំសត់មួយនេះ៕