(វ៉ាស៊ីនតោន)៖ និស្សិតសាកលវិទ្យាល័យ ជនជាតិអាមេរិកម្នាក់ ដែលបានជាប់ពន្ធធនាគារ រយៈពេល១៧ខែ នៅកូរ៉េខាងជើង ហើយតែងតែបាត់បង់ស្មារតី នាពេលនោះ ឥឡូវនេះបានទទួលរងជំងឺសសៃប្រសាទយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់ពី មន្ត្រីមន្ទីរពេទ្យមួយរូប ចេញផ្សាយដោយាសារព័ត៌មាន Reuters នាយប់ថ្ងៃទី១៥ ខែមិថុនានេះ។
និស្សិត Otto Warmbier វ័យ២២ឆ្នាំ បាននឹងកំពុងទទួលការព្យាបាល នៅមជ្ឈមណ្ឌល University of Cincinnati Medical Center។ អ្នកនាំពាក្យមជ្ឈមណ្ឌល លោកស្រី Kelly Martin បានឲ្យដឹងយ៉ាងដូច្នេះនៅរដ្ឋ Ohio សហរដ្ឋអាមេរិក។
ឪពុកនិស្សិតរងគ្រោះ ដែលមកពីសាកលវិទ្យាល័យ University of Virginia បានឲ្យដឹងថា កូនរបស់លោក បានរងការធ្វើបាប និងបំភ័យដោយរបបផ្តាច់ការ របស់កូរ៉េខាងជើង។ លោក Fred Warmbier ដែលជាឪពុកនិស្សិតរងគ្រោះបន្តថា គ្រួសាររបស់លោក មិនដឹងរឿងរ៉ាវរបស់កូរ៉េខាងជើងនោះទេ ដែលកូនប្រុសរបស់ពួកគេ បានធ្លាក់ខ្លួនសន្លប់បាត់ស្មារតី បន្ទាប់ពីទទួលរងជាតិពុល និងបានលេបថ្នាំងងុយដេក។
សូមជម្រាបថា និស្សិត Otto Warmbier ត្រូវបានកាត់ឲ្យជាប់ទោស នៅក្នុងខែមីនា ឆ្នាំ២០១៦ ឲ្យជាប់ពន្ធធនាគារ១៥ឆ្នាំ ពីបទព្យាយាមលួចរបស់មួយ ជាមួយនឹងពាក្យស្លោកឃោសនា ដែលល្មើសទៅនឹងច្បាប់របស់កូរ៉េខាងជើង៕