(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) អាចនឹងប្រកាសពីផែនការរឹតបន្តឹងច្បាប់ ពាក់ព័ន្ធនឹងការធ្វើដំណើររបស់ប្រជាជនអាមេរិក ទៅកាន់ប្រទេសគុយបា ព្រមទំាងការរឹតបន្តឹងលើក្រុមហ៊ុនអាមេរិកក្នុងការធ្វើពាណិជ្ជកម្ម ជាមួយសហគ្រាសគុយបា ដែលគ្រប់គ្រងដោយយោធាគុយបា។ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់សេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
មន្ត្រីអាមេរិកថ្លែងនៅក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គោលនយោបាយអាមេរិកថ្មីរបស់ លោក ដូណាល់ ត្រាំ គឺភាគច្រើនមានគោលបំណងហាម ឃាត់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក ជាមួយក្រុមហ៊ុនផែ្នកអាជីវកម្មសព្វាវុធគុយបា GAESA ដែលជាក្រុមហ៊ុនដ៏ធំមួយ បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងវិស័យសេដ្ឋកិច្ចគុយបា។ ក៏ប៉ុន្តែអ្វីដែលគេកំពុងទន្ទឹមរង់ចាំមើលនោះថា តើប្រធានាធិបតីអាមេរិកដ៏ចម្រូងចម្រាសរូបនេះ អាចនឹងប្រកាសបិទស្ថានទូតអាមេរិក ឬក៏ផ្ដាច់ទំនាក់ទំនងការ ទូតជាមួយគុយបា ដែលត្រូវបានភ្ជាប់ឡើងវិញកាលពីឆ្នាំ២០១៥ ក្រោមអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ឬក៏យ៉ាងណា បន្ទាប់ពីការកើតមានអរិភាពនឹងគ្នា អស់រយៈពេលជាង៥០ឆ្នាំមកនេះ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះត្រូវបានគេរំពឹងថា នឹងប្រកាសពីការធ្វើកំណែទម្រង់គោលនយោបាយអាមេរិក ចំពោះគុយបានៅក្នុងសុន្ទរកថាមួយនៅឯរដ្ឋ Miami ស្ដីពីការយល់ឃើញ ទាក់ទិននឹងការខិតជិតទៅរកគុយបា របស់លោក អូបាម៉ា កាលពីឆ្នាំ២០១៤៕