(ឡុងដ៍)៖ បញ្ហាបច្ចេកទេសផ្នែកព័ត៌មានវិទ្យា ដែលបានបណ្តាលឲ្យអ្នកដំណើររាប់ម៉ឺននាក់របស់ ក្រុមហ៊ុនអាកាសចរណ៍យក្ស British Airways ប្រចាំចក្រភពអង់គ្លេស ខកខានការធ្វើដំណើរអស់រយៈពេលប៉ុន្មានថ្ងៃ កាលពីឧសភាកន្លងទៅថ្មីៗនេះនោះ នឹងធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់ប្រមាណជា៨០លានផោន ដែលស្មើនឹង១០២.១២លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការវាយតម្លៃរបស់លោក Willie Walsh អតីតនាយកប្រតិបត្តិរបស់ British Airways (BA) និងជាអគ្គនាយកសម្ព័ន្ធអាកាសចរណ៍អន្តរជាតិ (IAG) ដែលជាម្ចាស់គ្រប់គ្រង BA ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
សូមរំលឹកថា អាកាសចរណ៍ Birtish Airways បានជួបប្រទះភាពកកស្ទះចរាចរណ៍ នៃការហោះហើរយ៉ាងធ្ងន់ធ្ងរមួយ នៅឯអាកាសយានដ្ឋាន Heathrow និង Gatwick នៃទីក្រុងឡុងដ៍ នៅពេលដែលកម្លាំងចរន្តអគ្គីភ័យហួសកម្រិត បានបណ្តាលឲ្យប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន គាំងដំណើរ ដែលជាហេតុបានបង្ខំឲ្យក្រុមហ៊ុនលុបជើងហោះស្ទើរតែទាំងអស់ចោល កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅនេះ នៅចំពេលថ្ងៃឈប់សម្រាកចុងសប្តាហ៍ថែមទៀត៕