(ដូហា)៖ នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកចំនួនពីរគ្រឿង ត្រូវគេរាយការណ៍ថា បានធ្វើដំណើរចូលមករដ្ឋធានីដូហាហើយ ដើម្បីចូលរួមការធ្វើសមយុទ្ធមួយ ជាមួយយោធាជើងទឹករបស់ប្រទេសកាតា ស្របពេលដែលបញ្ហាជម្លោះការទូត រវាងកាតានិងបណ្តាប្រទេសជាប់ឈូងសមុទ្រពែកមួយចំនួនទៀត នៅតែស្ថិតនៅក្នុងភាពក្តៅគគុក ប៉ុន្តែអាមេរិក និងកាតាក៏បានចុះកិច្ចព្រមព្រៀងទិញដូរយន្តហោះចម្បាំងតម្លៃ ១២ពាន់លានដុល្លារថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មានរដ្ឋកាតា Qatar News Agency ក្រុមការងារនៃនាវាចម្បាំងអាមេរិកទាំងពីរគឿង ត្រូវបានទទួលស្វាគមន៍ ពីសំណាក់សមភាគីកាតា បន្ទាប់ពីពួកគេបានមកដល់ទីក្រុងដូហា កាលពីថ្ងៃពុធសប្តាហ៍នេះ។ ការចល័តនាវាចម្បាំងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានថ្លែងចោទប្រកាន់ដោយចំៗលើទីក្រុងដូហា អំពីការផ្តល់ជំនួយគាំទ្រដល់ក្រុមជ្រុលនិយមប្រដាប់អាវុធ ដោយបានសង្កត់ធ្ងន់ទៀតថា ប្រទេសអារ៉ាប់មួយនេះ តាំងពីដើមមកគឺជាអ្នកឧបត្ថម្ភដ៏ធំនៃអំពើភេរវកម្ម។
គួរបញ្ជាក់ថា មេដឹកនាំអាមេរិករូបនេះ បានប្រើប្រាស់សម្តីធ្ងន់ៗបែបនេះប្រឆាំងនឹងទីក្រុងដូហា បន្ទាប់ពីបណ្តាប្រទេសនៅមជ្ឈិមបូព៌ាមួយចំនួន រួមមានទាំងសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក គឺរាជាណាចក្រអារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាត់អារ៉ាប់រួម និងអេហ្ស៊ីបជាដើម បានកាត់ផ្តាច់ទំនាក់ទំនងការទូតគ្រប់ទម្រង់ជាមួយប្រទេសកាតា កាលពីដើមខែមិថុនានេះ ដោយចោទប្រកាន់ថារដ្ឋអារ៉ាប់នេះ បានគាំទ្រអំពើភេរវកម្មនិងផ្សំគំនិតជាមួយប្រទេសអ៊ីរ៉ង់។
ទោះបីជាបែបនេះក្តី មួយរយៈក្រោយមកនេះ សហរដ្ឋអាមេរិកហាក់បង្ហាញជំហរស្ងប់ស្ងាត់ឡើងវិញចំពោះកាតា ខណៈគ្រប់គ្នាដឹងថា កាតាជាប្រទេសដែលទទួលវត្តមានយោធាអាមេរិក ១០,០០០នាក់ប្រចាំការ ដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ហើយពេលនេះអាមេរិក និងកាតាក៏បានចុះកិច្ចព្រមព្រៀងទិញលក់អាវុធបន្ថែមទៀត ដែលនេះបង្ហាញថា សហរដ្ឋអាមេរិកមិនអាចបោះបង់កាតា ឬកៀបសង្កត់កាតា ឲ្យរលំរលាយតាមការចង់បាន របស់បណ្តាប្រទេសឈូងសមុទ្រអារ៉ាប់នោះឡើយ៕