(មីយ៉ាន់ម៉ា)៖ កងទ័ពមីយ៉ាន់ម៉ាបានឲ្យដឹង នាថ្ងៃព្រហស្បតិ៍នេះថា យន្តហោះយោធាមួយគ្រឿង ដែលបានធ្លាក់ទៅក្នុងសមុទ្រ Andaman Sean ជាមួយមនុស្ស១២២នាក់ កាលពីសប្តាហ៍មុននោះ ត្រូវបានគេប្រទះឃើញហើយ ដោយផ្នែកកន្ទុយត្រូវបានគេ ប្រទះឃើញ​ នៅ​ជាប់​ជាមួយ​នឹង​សំណាញ់​​ចាប់ត្រីរបស់កប៉ាល់នេសាទក្នុងស្រុកមួយគ្រឿង នៅក្រោមផ្ទៃសមុទ្រជម្រៅ៣៥ម៉ែត្រ និង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១២​គីឡូ​ម៉ែត្រ ភាគ​ខាងលិចទីក្រុង Dawei ក្នុងអំឡុងប្រតិបត្តិការរុករកនិងជួយសង្រ្គោះយ៉ាងសកម្ម ដែលបានឈានចូលមកដល់ថ្ងៃទី០៩ល្មម រីឯចំនួន​សរុប​នៃ​សាក​សព​ជន​​គ្រោះ ដែលត្រូវបានរកឃើញនិងស្រង់ចេញពីផ្ទៃសមុទ្រវិញ គឺកើនដល់៩០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌​មាន​ចិន ស៊ិនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

សូមជំរាបថា ​យន្តហោះ​ធុន ​Y​-​8​-​200F ​របស់​កងទ័ព​ជើង​អាកាស​មីយ៉ាន់ម៉ា បាន​ដឹក​អ្នក​ដំណើរ១០៨នាក់ ​និង​សហសេវិក​​១៤នាក់ ​ព្រម​​ទាំង​​មាន​​ផ្ទុក​ទំ​និញ​ផ្សេង​ៗ​ទម្ងន់ ២,៤តោន​ផង​ដែរ​ ហើយ​ក្នុងចំណោម​អ្នកដំណើរ​​ទាំងនោះ​មាន​កុមារ ១៥នាក់​, ​មនុស្ស​ពេញវ័យ​​ជា​ជនស៊ីវិល​ចំនួន ​៥៨នាក់​, ​កងទ័ព ៣៥នាក់ ​ដែល០៦​នាក់​​ជា​​​មន្ត្រី​យោធា​ជាន់​​ខ្ពស់ ​និង ​២៩នាក់​ជាម​ន្ត្រី​យោធា​ធម្មតា ​នៅពេល​ដែល​វា​បាន​ដាច់​ការទាក់ទង​​ក្នុងអំឡុងពេល​ហោះ​ចេញពី​ទីក្រុង ​Myeik ​ដើម្បី​ឆ្ពោះទៅ​កាន់​ទីក្រុង ​Yangon ​កាលពី​រសៀល​ថ្ងៃពុធ​សប្តាហ៍​មុន ​នៅ​លើ​ផ្ទៃសមុទ្រ Andaman​។ រីឯមូលហេតុដែល​បាន​បង្ក​ឲ្យ​កើត​មាន​សោក​នាដកម្ម​ធ្លាក់យន្តហោះដ៏អាក្រក់នេះ ក៏ពុំត្រូវបានបកស្រាយ ឬដឹងច្បាស់នោះដែរ៕