(កាតា)៖ ប្រទេស កាតា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំងF-15 ពីសហរដ្ឋអាមេរិក ក្នុងតម្លៃជាទឹកប្រាក់ ១២ពាន់លានដុល្លារ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។

កិច្ចព្រមព្រៀងទិញលក់នេះ ត្រូវបានសម្រេចឡើងក្នុងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis និងសមភាគីរបស់ ប្រទេសកាតានៅរដ្ឋធានីវ៉ាស៊ីនតោន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់ប្រទេស កាតាដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនថា ជាម្ចាស់ឧបត្ថម្ភទៅលើភេរវករ តែត្រូវបានប្រទេសកាតាបដិសេធ។

រដ្ឋមន្ត្រីការពារជាតិកាតា បានប្រាប់សារព័ត៌មាន Reuters ថា រដ្ឋាភិបាលក្រុងដូហា បានទិញយន្តហោះពីអាមេរិកចំនួន៣៦គ្រឿង។ សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងទិញលក់នេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមព្រៀង ក្នុងការលក់អាវុធដល់ប្រទេស អារ៉ាប៊ីសាអូឌីតក្នុងតម្លៃជាទឹកប្រាក់ជាង១០០ពាន់លានដុល្លារ៕