(ប៉េកាំង)៖ នៅមុននេះបន្តិច ប៉ូលិសក្នុងតំបន់កើតហេតុ បានឲ្យដឹងថា មានហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ បានកើតឡើង នៅខាងក្រៅសាលាមត្តេយ្យមួយកន្លែង ស្ថិតក្នុងក្រុង Xuzhou នៃខេត្ត Jiangsu ភាគខាងកើតនៃប្រទេសចិន នាវេលាម៉ោងប្រមាណ៤៖៥០នាទីល្ងាចថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា «គិតត្រឹមវេលាម៉ោង១៩៖៤៥នាទីយប់ថ្ងៃព្រហស្បតិ៍នេះ ហេតុការណ៍ដ៏កក្រើកមួយ បានបណ្តាលឲ្យមនុស្សស្លាប់និងរបួសរាប់សិបនាក់ ដោយក្នុងនោះមាន៦៦នាក់របានទទួលរងរបួស និងពីរនាក់បានបាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុភ្លាមៗតែម្តង ខណៈប្រាំនាក់ផ្សេងទៀតបានស្លាប់ នៅឯមន្ទីរពេទ្យ»។
គួរបញ្ជាក់ថា អាជ្ញាធរចិនពុំទាន់បានដឹងក៏ដូចជាបញ្ជាក់ច្បាស់នៅឡើយទេ អំពីមូលហេតុដែលបានបណ្តាលឲ្យមានការផ្ទុះដ៏ខ្លាំងក្លានេះ ស្របពេលការស៊ើបអង្កេត កំពុងធ្វើឡើង៕