(ឡុងដ៍)៖ ក្រុមអ្នកពន្លត់អគ្គិភ័យអង់គ្លេស បាននិងកំពុងបន្តស្វែងរកសាកសពមនុស្សជាច្រើននាក់បន្ថែមទៀត ដែលគេជឿជាក់ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះអគ្គិភ័យ ឆាបឆេះអគារខុនដូកម្ពស់ ២៤ជាន់មួយកន្លែង ក្នុងទីក្រុងឡុងដ៍អស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃពុធ ខណៈបច្ចុប្បន្នចំនួនអ្នកស្លាប់កើនដល់ ១៧នាក់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមប៉ូលិសអង់គ្លេស មនុស្សយ៉ាងតិចចំនួន ១៧នាក់បានស្លាប់ និង៣០នាក់កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ រីឯចំនួនអ្នកបាត់បង់ជីវិតត្រូវបានគេរំពឹងថា អាចនឹងបន្តកើនឡើងត្បិតមនុស្សជាច្រើននាក់ នៅតែបន្តបាត់ខ្លួននៅឡើយដែលត្រូវគេសង្ស័យថា បានជាប់ខ្លួននៅក្នុងអគារកើតហេតុ។ មកទល់ពេលនេះ មូលហេតុនៃអគ្គិភ័យ ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នោះទេ ស្របពេលសំណួរជាច្រើនកំពុងត្រូវបានគេចោទសួរថា តើការជួសជុលកែលម្អអគារនេះឡើងវិញ អាចជាមូលហេតុចូលរួមចំណែកបង្កឱ្យមាន គ្រោះអគ្គិភ័យដ៏ប្រល័យនេះ ឬក៏យ៉ាងណា។
គួរបញ្ជាក់ថា អគារខាងលើនេះមានឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ ដែលត្រូវបានគេរាយការណ៍ថា បានទទួលរងការឆាបឆេះកាលពីវេលាម៉ោង ១៖១៦នាទីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) ចាប់តាំងពីជាន់ទីពីររហូតដល់ជាន់លើបំផុត ហើយក្រុមពន្លត់អគ្គីភ័យដល់ទៅជាង ២០០នាក់ បានចូលរួមពន្លត់គ្រោះអគ្គីភ័យដ៏ធំសម្បើមនេះ។ មនុស្សរហូតដល់ ៦០០នាក់ មានទាំងកុមារ និងជនចាស់ជរាត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅឋានប្រមាណ ១២០ខ្នង ដែលនៅក្នុងអគារកម្ពស់២៤ជាន់នោះ នៅពេលដែលអគ្គីភ័យបានកើតឡើង រីឯមូលហេតុដែលបានបង្កជាគ្រោះអគ្គីភ័យវិញ មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ស្របពេលដែលការស៊ើបអង្កេតបាននិងកំពុងធ្វើឡើង៕