(ម៉ានីល)៖ អ្នកនយោបាយ​ហ្វីលីពីន លោក Zia Alonto Adiong នៅថ្ងៃព្រហស្បតិ៍នេះ​បាននិយាយថា ប្រជាជនដែល​បានរត់ភៀសខ្លួនគេច​ចេញពីទីក្រុង Marawi បានឃើញ​សាកសពមនុស្ស​រាប់រយនាក់ នៅក្នុងតំបន់ដែល​យោធាហ្វីលីពីន និងក្រុមឧទ្ទាមមាន​សម្ព័ន្ធភាព​ជាមួយពួក ISIS កំពុងវាយប្រយុទ្ធគ្នា​អស់រយៈពេល​ ជាងបីសប្ដាហ៍​មកហើយ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​អ្នកសារព័ត៌មាន លោក Zia Alonto Adiong បានលើកឡើង​យ៉ាងដូច្នេះថា «ប្រជាជនទីក្រុង Marawi បានប្រាប់ថា ពួកគេបានប្រទះឃើញសាកសពមនុស្សពី៥០០ នាក់ ដល់១០០០នាក់ឯណោះ ដែលនេះគឺផ្ទុយទាំងស្រុងទៅនឹង ការអះអាងរបស់រដ្ឋាភិបាលទីក្រុងម៉ានីលថា មនុស្សតែ២៩០នាក់ ក្នុងនោះមានពួកឧទ្ទាម ២០៦នាក់ យោធា៥៨នាក់ និងជនស៊ីវិល២៦នាក់បានស្លាប់។ តាមរយៈការអះអាងនេះ វាអាចមានន័យថា ក្នុងចំណោមនោះទំនងជាជីវិតស៊ីវិលខ្ទង់រយនាក់ឯណោះ បានបាត់បង់ជីវិត»

គួរបញ្ជាក់ថា ក្រុមសកម្ម​ប្រយុទ្ធ Maute ដែលមានសម្ព័ន្ធ​ភាពជាមួយក្រុម អាប៊ូសាយយ៉ាហ្វ និងទើបតែ​ភ្ជាប់ទំនាក់​ទំនងទៅរក ISIS កាលពីពេលថ្មីៗនេះ បានធ្វើការ​ដណ្តើមកាន់កាប់​ទីក្រុង Marawi ស្ថិតនៅលើ​កោះ​មីនដាណាវ ភាគខាងត្បូង​ប្រទេសហ្វីលីពីន ដែលជាហេតុបង្ខំ​ឲ្យ​កងកម្លាំងរដ្ឋាភិបាល លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចេញប្រតិបត្តិ​ការក្តៅ និងប្តេជ្ញាបោស​សម្អាតក្រុមនេះ​ឲ្យអស់ តបតាមច្បាប់អាជ្ញាសឹក​ដែលបានដាក់ចេញ នៅទូទាំងខេត្តភាគខាងត្បូងនេះ​ចំនួន ៦០ថ្ងៃ គិតចាប់តាំងពីខែចុងខែឧសភាមក៕