(គូឡាឡាំពួ)៖ កងទ័ពអាកាសម៉ាឡេស៊ីបានឲ្យដឹងនៅមុននេះបន្តិចថា អាកាសយានិកនៅលើយន្តហោះចម្បាំង Hawk 108 ចំនួនពីររូប ដែលបានបាត់ដំណឹងក្រោយពួកគេធ្វើការហោះឡើងបានតែប៉ុន្មាននាទីនោះ ត្រូវបានគេ​ប្រទះឃើញសាកសពហើយ នៅក្នុងវាលភក់ក្នុងព្រៃមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ទោះបីជាខាងទ័ពអាកាសម៉ាឡេស៊ីមិនទាន់អាចបញ្ជាក់អ្វីបន្ថែមក៏ដោយថា ក៏គេអាចសន្និដ្ឋានបានដែរថា យន្តហោះដែលពីឡុតទាំងពីរនាក់នោះជិះ ពិតជាបានធ្លាក់យ៉ាងប្រាកដ។

គួរបញ្ជាក់ថា កងទ័ពអាកាស​ម៉ាឡេស៊ីបានប្រកាសកាលពីប៉ុន្មានម៉ោងមុននេះថា យន្តហោះចម្បាំង​សម្រាប់ប្រើប្រាស់​ក្នុង​ហ្វឹកហាត់ធុន Hawk 108 មួយគ្រឿង​ បាន​ហោះ​​ហើរ​ចាក​ចេញ​ពី​​មូល​ដ្ឋាន​ទ័ព​អាកាស​​មួយកន្លែង នៅក្នុង​ទីក្រុង Kuantan កាលពីវេលាម៉ោង ១១៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោង​ក្នុង​តំបន់) ហើយស្រាប់តែ​បានដាច់ការទាក់ទង នៅកន្លះម៉ោង​ក្រោយ​មក។

គួរបញ្ជាក់ថា យន្តហោះ Hawk 108 គឺជាយន្តហោះចម្បាំង​សម្រាប់ធ្វើការហ្វឹកហាត់​ប្រើប្រាស់សព្វាវុធ ដែលអាចផ្ទុកអាកាសយានិកបាន​ពីរនាក់ប៉ុណ្ណោះ៕