(ប៉ាគីស្ថាន)៖ តុលាការប្រឆាំងភេរវកម្មមួយនៅក្នុងប្រទេសប៉ាគីស្ថាន បានសម្រចកាត់ទោសប្រហារជីវិតបុរសម្នាក់ពីបទចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋដោយប្រមាថសាសនានៅលើ Facebook ហើយដែលនេះគឺជាការកាត់ទោសប្រហារជីវិតលើកដំបូងបំផុត សម្រាប់ការប្រមាថសាសនានៅលើបណ្ដាញទំនាក់ទំនងសង្គម។ នេះបើតាមសម្តីរដ្ឋអាជា្ញប៉ាគីស្ថាន លោក Shafiq Qureshi ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
សាលក្រមកាត់ទោសប្រហារជីវិតលើបុរសឈ្មោះ Taimoor Raza អាយុ ៣០ឆ្នាំ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោកប្រធានាធិបតី Nawaz Sharif បានដាក់ចេញច្បាប់ប្រឆាំង នឹងការប្រមាថសាសនា នៅលើបណ្ដាញទំនាក់ទំនងសង្គម។ ជាមួយគ្នានោះដែរ លោក Shafiq Qureshi បានឱ្យដឹងថា ការប្រមាថលើសាសនាគឺជាទោសឧក្រិដ្ឋធ្ងន់ធ្ងរបំផុតមួយ នៅក្នុងប្រទេសប៉ាគីស្ថាន ហើយ Raza ត្រូវបានកាត់ទោសប្រហារជីវិតដោយសារតែរូបគេ បានធ្វើសកម្មភាពប្រមាថមើលងាយលើអ្នកនាំសារបស់ព្រះគឺ មហាំម៉ាត់ ប្រពន្ធ និងបងប្អូនរបស់គាត់ នៅលើបណ្ដាញទំនាក់ទំនងសង្គម បើទោះជាច្បាប់នៅក្នុងប្រទេសបានហាមឃាត់ក៏ដោយ។
គួរបញ្ជាក់ថា Taimoor Raza ត្រូវបានតុលាការនៅក្នុងទីក្រុង Bahawalpur ស្ថិតនៅចំងាយ ៥០០គីឡូម៉ែត្រពីទីក្រុង Lahore កាត់ទោសប្រហារជីវិត ដែលនេះគឺជាការកាត់ ទោសលើកដំបូងនៅក្នុងប្រទេសប៉ាគីស្ថាន ពាក់ព័ន្ធនឹងការប្រើបណ្ដាញទំនាក់ទំនងសង្គម ក្នុងការបញ្ចេញមតិដែលល្មើសច្បាប់ប្រទេសជាតិ៕