(គូឡាឡាំពួ)៖ កងទ័ពជើងអាកាសនៃប្រទេសម៉ាឡេស៊ី បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា យន្តហោះចម្បាំងប្រភេទ Hawk ចំនួនមួយគ្រឿងបានបាត់ខ្លួន បន្ទាប់ពីវាបានហោះចាកចេញពីបន្ទាយបានតែប៉ុន្តែនាទីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសម៉ាឡេស៊ី យន្តហោះចម្បាំងសម្រាប់ប្រើប្រាស់ក្នុងហ្វឹកហាត់ធុន Hawk 108 មួយគ្រឿងបានហោះហើរចាកចេញពីមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅក្នុងទីក្រុង Kuantan កាលពីវេលាម៉ោង ១១៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ហើយស្រាប់តែបានដាច់ការទាក់ទង នៅកន្លះម៉ោងក្រោយមក។ ទន្ទឹមនឹងនេះប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅហើយ។
គួរបញ្ជាក់ថា យន្តហោះ Hawk 108 គឺជាយន្តហោះចម្បាំងសម្រាប់ធ្វើការហ្វឹកហាត់ប្រើប្រាស់សព្វាវុធ ដែលអាចផ្ទុកអាកាសយានិកបានពីរនាក់៕