(ម៉ូស្គូ)៖ ទីបំផុតកងកម្លាំងរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS បានដណ្តើមកាន់កាប់រូងភ្នំមួយមានឈ្មោះថា Tora Bora ស្ថិតនៅក្នុងខេត្ត Nangarhar របស់ប្រទេសអាហ្វហ្គានីស្ថាន ដែលធ្លាប់ត្រូវបានមេដឹកនាំអាល់កៃដា គឺលោក អូសាម៉ា ប៊ិនឡាដិន ប្រើប្រាស់ជាមូលដ្ឋានលាក់ខ្លួនដ៏រឹងមាំបំផុត កាលពីដើមទសវត្សរ៍ឆ្នាំ២០០០។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានរុស្ស៊ី RT នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
តាមមន្ត្រីក្នុងខេត្ត Nangarhar បានប្រាប់បណ្តាញព័ត៌មាន AP ថា «ក្រុម ISIS បានចាប់ផ្តើមវាយសង្គ្រប់យកតំបន់ Tora Bora តាំងពីយប់ថ្ងៃអង្គារសប្តាហ៍នេះមកម្ល៉េះ ហើយទីបំផុតបណ្តាញភេរវករនេះ បានក្រសោបយកតំបន់ភ្នំជុំវិញនោះអស់ហើយ»។ បន្ថែមពីនេះ មន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថានក៏បានអះអាងផងដែរថា ក្រុមសកម្មប្រយុទ្ធតាលីបង់ ១២នាក់ បានស្លាប់នៅក្នុងការប្រយុទ្ធជាមួយក្រុម ISIS ខណៈកងកម្លាំងរបស់ក្រុមរដ្ឋអ៊ីស្លាមនេះ មានចំនួនរាប់រយនាក់ឯណោះ ដែលបានចូលរួមប្រតិបត្តិការវាយសង្គ្រប់យកតំបន់ Tora Bora។
គួរបញ្ជាក់ថា ភ្លាមៗក្រោយពីការក្រសោបយករូងភ្នំខាងលើនេះ ISIS បានធ្វើការដាក់ពង្រាយកាំភ្លើងធំ និងកងកម្លាំងនៅចំណុចសំខាន់ៗ ជុំវិញអតីតមូលដ្ឋានលាក់ខ្លួនដ៏រឹងមាំរបស់ អូសាម៉ា ប៊ិនឡាដិន មួយនេះ។ មន្ត្រីអាហ្វហ្គានីស្ថានបានលើកឡើងថា ជោគជ័យរបស់ ISIS នាពេលនេះ គឺជាការបោះជំហានដ៏ធំមួយសម្រាប់ក្រុមនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងគូសត្រូវ នោះគឺក្រុមតាលីបង់ ព្រមទាំងការពង្រីកដែនដីរបស់ខ្លួន ខណៈនៅប្រទេសអ៊ីរ៉ាក់ ISIS កំពុងតែថមថយឥទ្ធិពលបន្តិចម្តងៗ៕