(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងនាថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ខ្លួនពិតជាបានសម្រេច ធ្វើការដោះលែងនិស្សិតអាមេរិកឈ្មោះ Otto Warmbier ដោយផ្អែកលើគោលការណ៍មនុស្សធម៌ ខណៈលោក Warmbier ត្រូវបានបញ្ជូនទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញ (អាមេរិក) ទាំងក្នុងសភាពសន្លប់ស្តូកស្តឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
ទីភ្នាក់ងារដ្ឋកូរ៉េខាងជើងបានធ្វើសេចក្តីរាយការណ៍ថា របបដឹកនាំទីក្រុងព្យុងយ៉ាង បានបញ្ជូននិសិ្សតនៃសាកលវិទ្យាល័យ Virginia រូបនេះ ទៅកាន់ប្រទេសរបស់ខ្លួនវិញ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រោមហេតុផលមនុស្សធម៌ ដោយអនុឡោមតាមការសម្រេចចិត្តរបស់តុលាការមជ្ឈិម នៃប្រទេសកូរ៉េខាងជើង។
យ៉ាងណាមិញ លោក Warmbier មានវ័យ២២ឆ្នាំ បានបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់លោក នៅក្នុងរដ្ឋ Ohio វិញ ដោយស្ថិតក្នុងសភាពសន្លប់បាត់ស្មារតី ក្រោយពីបានជាប់ឃុំឃាំងអស់រយៈពេល ១៧ខែ ក្រោមការចោទប្រកាន់ថា បានលួចយកផ្ទាំងឃោសនានយោបាយ ពីសណ្ឋាគារមួយកន្លែង នៅក្នុងប្រទេសកូរ៉េខាងជើង។ ជុំវិញបញ្ហានេះទីក្រុងព្យុងយ៉ាងបានបកស្រាយថា និស្សិតអាមេរិករូបនេះ បានធ្លាក់ខ្លួនឈឺដោយសារការពុលអាហារ បន្ទាប់ពីបានឡើងតុលាការជំនុំជម្រះក្តីកាលពីខែមីនា ឆ្នាំ២០១៦មកម្ល៉េះ ហើយបានស្ថិតក្នុងសភាពសន្លប់ស្តូកស្តឹងបាត់ស្មារតីបែបនេះ ក្រោយពីលោកបានលេបថ្នាំងងុយគេងមួយគ្រាប់។
គួរបញ្ជាក់ថា លោក Otto Warmbier ត្រូវបានអាជ្ញាធរកូរ៉េខាងជើង ចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០១៦ ពីបទប្រព្រឹត្តសកម្មភាពប្រឆាំងរដ្ឋអំណាច និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៥ឆ្នាំ ហើយការដោះលែងរូបលោកនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី លោក Joseph Yun បេសកជននុយក្លេអ៊ែរជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានជួបពិភាក្សាជាមួយគ្នាចំនួនពីរលើក ជាមួយមន្រ្តីកូរ៉េខាងជើង នៅក្នុងទីក្រុងអូស្លូ ប្រទេសន័រវេស និងនៅក្នុងទីក្រុងញូយ៉ក ជុំវិញនិស្សិតអាមេរិកត្រូវបានឃុំខ្លួនរូបនេះ។ ម៉្យាងវិញទៀតក្រៅពី លោក Warmbier ក៏នៅមានជនជាតិអាមេរិកចំនួនបីនាក់ផ្សេងទៀតផងដែរ កំពុងស្ថិតក្រោមការឃុំឃាំងរបស់កូរ៉េខាងជើង៕