កក្រើក! «ក្រុមខ្មាន់កាំភ្លើងវាយលុករដ្ឋធានីរបស់សូម៉ាលី ផ្តាច់ជីវិតមនុស្ស ១៧នាក់ និងបង្ករបួស ២៦នាក់»
15-06-2017 14:00
(សូម៉ាលី)៖ ក្រុមខ្មាន់កាំភ្លើងជាច្រើននាក់ បានបើកការវាយប្រហារលើភោជនីយដ្ឋានពីរកន្លែង នៅក្នុងរដ្ឋធានី Mogadishu នៃប្រទេសសូម៉ាលីកាលពីយប់ថ្ងៃពុធ ដោយបានផ្ដាច់យកអាយុជីវិតមនុស្ស ១៧នាក់ និង២៦នាក់ផ្សេងទៀតរងរបួស ខណៈមនុស្សជាច្រើននាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង។ នេះបើតាមប្រភពពីក្រុមអ្នកជួយសង្រ្គោះ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
ក្រុមអ្នកជួយសង្រ្គោះ Aamin Ambulance នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់នៅលើ Twitter ថា ពួកគេបានរកឃើញសាកសពមនុស្ស ១៧នាក់ និងជម្លៀសមនុស្សរបួស ២៦នាក់ ទៅមន្ទីរពេទ្យ ប៉ុន្តែពួកគេបានផ្អាកការជួយសង្រ្គោះ ដោយសារតែស្ថានភាពនៅតែច្របូលច្របល់ ដោយមនុស្សជាច្រើននាក់ត្រូវគេចាប់ជាចំណាប់ខ្មាំង។ ដោយឡែកបើតាមមន្ត្រីប៉ូលិស លោក Mohamed Nur អត្តឃាតជនម្នាក់បានដឹកនាំការវាយប្រហារបំផ្ទុះរថយន្ដអត្តឃាត នៅមុខភោជនីយដ្ឋាន Posh ស្ថិតនៅក្នុងតំបន់ Hodan រីឯខ្មាន់កាំភ្លើងមួយក្រុមផ្សេងទៀត បានវាយប្រហារបំផ្ទុះគ្រាប់បែកនៅឯភោជនីយដ្ឋាន Pizza House ដែលស្ថិតនៅក្បែរ Posh ហើយពួកគេក៏បានបាញ់តបត ជាមួយក្រុមសន្តិសុខផងដែរ។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ Al-Shabaab មានមូលដ្ឋាននៅក្នុងប្រទេសសូម៉ាលី និងជាបណ្ដាញរបស់ក្រុមអាល់កៃដា បានចេញមុខអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយក្រុមមួយនេះជារឿយៗ តែងតែដឹកនាំការប្រហាររបៀបនេះប្រឆាំងនឹងជនស៊ីវិល និងកងកម្លំាងរដ្ឋាភិបាលគិតចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ៕