(ម៉ានីល)៖ ប៉ូលិសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ខ្លួនបុរសម្នាក់ដែលគេសង្ស័យថា ជាសមាជិក និងជាអ្នកផលិតគ្រាប់បែកឱ្យក្រុមឧទ្ទាម មានសម្ព័ន្ធភាពជាមួយក្រុម ISIS នៅភាគខាងត្បូងនៃប្រទេស។ នេះបើតាមរបាយការណ៍របស់ប៉ូលិសហ្វីលពីន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍ខាងលើ ជនសង្ស័យមានឈ្មោះថា Mohammad Noaim Maute ត្រូវបានចាប់ខ្លួន នៅម៉ោងប្រមាណជា ៧៖០០នាទីព្រឹក នៅឯតំបន់ Sta. Cruz Macasadnig នៃទីក្រុង Cagayan de Oro ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ពោលគឺស្ថិតមិនឆ្ងាយប៉ុន្មានឡើយពីទីក្រុង Marawi ដែលជាសមរភូមិប្រយុទ្ធរវាងយោធាហ្វីលីពីន និងពួកឧទ្ទាមចាប់តាំងពីថ្ងៃទី២៣ ខែឧសភាមក។
បន្ថែមពីលើនេះ របាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា Maute ដែលប្រើឈ្មោះមួយទៀត Abu Jadid គឺជាអ្នករស់នៅក្នុងតំបន់ Poblacion Butig នៃខេត្ត Lanao del Sur ហើយមិនតែប៉ុណ្ណោះ ជនរូបនេះថែមទំាងប្រើអត្តសញ្ញាណក្លែងក្លាយ ជាសិស្សមកពី Mindanao State University ថែមទៀតផង។
គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២៣ ខែឧសភា សង្រ្គាមប្រយុទ្ធប្រឆាំងនឹងពួកភេរវករ របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានបណ្ដាលឱ្យមនុស្សជិត ៣០០នាក់ហើយបាត់បង់ជីវិត ក្នុងនោះរួមមានយោធា-ប៉ូលិសហ្វីលីពីនសរុបខ្ទង់ ៦០នាក់, ជនស៊ីវិលរាប់សិបនាក់ និងក្រុមឧទ្ទាមជិត ២០០នាក់៕