(មូស្គូ)៖ សមាជិកព្រឹទ្ធសភាអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចចិត្តបោះឆ្នោតអនុម័តលើវិធានការពង្រីកការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងរុស្ស៊ី ដែលលើកនេះគឺលើសពីសមត្ថភាពរបស់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការដកទណ្ឌកម្មនេះវិញ ប្រសិនបើលោកចង់ធ្វើ ដើម្បីការពាររុស្ស៊ីនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
វិធានការដាក់ទណ្ឌកម្មថ្មី ដែលអនុម័តដោយព្រឹទ្ធសភាអាមេរិក មានគោលដៅទៅលើវិស័យការពារជាតិ ទីភ្នាក់ងារស៊ើបអង្កេត ធនាគារ រ៉ែ និងឧស្សហកម្មដឹកជញ្ជូនរបស់រុស្ស៊ី ហើយមិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin ក៏បានប្រាប់សភាអាមេរិកដែរថា រដ្ឋបាលលោក ដូណាល់ ត្រាំ គ្មានបំណង ឬគំរោងដកទណ្ឌកម្ម ដែលមានស្រាប់លើរុស្ស៊ីនោះទេ។
ទោះបីជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីលឺ្លសុន នៅក្នុងសប្ដាហ៍នេះបានព្រមានថា ទណ្ឌកម្មថ្មីនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ ឆន្ទៈរបស់ទីក្រុងម៉ូស្គូ ក្នុងការចូលរួមស្វែងរកកិច្ចសន្ទនា និងដំណោះស្រាយនយោបាយបញ្ចប់សង្រ្គាមនៅស៊ីរី។ ដោយឡែក ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំងមិនបានបញ្ចេញប្រតិកម្មអ្វីខ្លំាងឡើយ ដោយគ្រាន់តែអះអាងថា ទីក្រុងម៉ូស្គូកំពុងព្យាយាមបញ្ជៀសការដាក់ទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែព្រឹទ្ធសភាអាមេរិកបែរជាអនុម័តលើទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីទៅវិញ ប៉ុន្តែលោកនៅតែអំពាវនាវឱ្យមានការអត់ធ្មត់ រហូតដល់វិធានការនេះក្លាយទៅជាច្បាប់។
គួរបញ្ជាក់ថា ការអនុម័តទណ្ឌកម្មថ្មីនេះធ្វើឡើងនៅចំពេល រុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹងនឹងគ្នា ដោយសារតែការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអះអាងថា ទីក្រុងម៉ូស្គូ បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ បើទោះបីជារុស្ស៊ីបដិសេធច្រើនលើកច្រើនសារក៏ដោយ ហើយបច្ចុប្បន្ន លោក ដូណាល់ ត្រាំ ក៏កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរបស់ អគ្គរដ្ឋអាជ្ញាពិសេសអាមេរិក ដើម្បីស្វែងរកការពិត៕