(វ៉ាស៊ីនតោន)៖ មេបញ្ជាការនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងធ្វើការពិចារណាលើការដាក់ឲ្យប្រើប្រាស់ឡើងវិញនូវប្រភេទនាវាចម្បាំង Oliver Hazard Perry ដែលហួសសម័យ និងបានចូលនិវត្តន៍បាត់ទៅហើយនោះ ដើម្បីអាចជួយសម្រេចគោលដៅនៃការបង្កើនចំនួននាវាចម្បាំងរបស់ខ្លួនឲ្យបានដល់ ៣៥៥គ្រឿង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពជើងទឹកអាមេរិក លោកឧត្តមនាវី John Richardson បានថ្លែងថា ការបោះជំហាននេះប្រហែលជាមានសារៈប្រយោជន៍ ប្រសិនបើការចំណាយដើម្បីធ្វើទំនើបកម្ម លើនាវាចម្បាំងហួសសម័យទាំងនោះ មិនសូវជាខ្ពស់ប៉ុន្មានទេនោះ។ នាឱកាសនោះ លោក Richardson ក៏បានពិភាក្សាអំពីវិធីសាស្រ្តចម្បង នៃគម្រោងរបស់លោក ក្នុងការសម្រេចឲ្យបាននូវចំនួននាវាចម្បាំង ៣៥៥គ្រឿងផងដែរ។
គួរបញ្ជាក់ថា នាវាចម្បាំងប្រភេទ Oliver Hazard Perry មានបំពាក់មីស៊ីលប្រដេញ និងត្រូវបានគេដាក់ឈ្មោះឲ្យទៅតាមវីរៈបុរស នៃសង្រ្គាមជើងទឹករបស់អាមេរិកកាលពីឆ្នាំ១៨១២ ហើយពួកវាត្រូវបានផលិតឡើង កាលពីអំឡុងចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៧០ និងទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីជំនួសឲ្យប្រភេទនាវាចម្បាំង កាលពីសម័យសង្រ្គាមលោកលើកទីពីរ។ នាចន្លោះឆ្នាំ១៩៩៤ និង២០១៥ នាវាចម្បាំងប្រភេទទាំងអស់ ត្រូវបានសម្រេចឈប់ឲ្យប្រើប្រាស់ លក់ចេញ ឬមួយក៏ជូនជាកាដូទៅឲ្យសម្ព័ន្ធមិត្តអាមេរិក រួមមានបារ៉ែន អេហ្ស៊ីប ប៉ូឡូញ ប៉ាគីស្ថាន តៃវ៉ាន់ និងតួកគីជាដើម ប៉ុន្តែកងទ័ពជើងទឹកអាមេរិក ក៏បានរក្សាទុកពួកវាមួយចំនួនផងដែរ៕