(តូក្យូ)៖ សមាជិកសភានៃប្រទេសជប៉ុនបានព្រមព្រៀងគ្នា អនុម័តច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មជាលើកដំបូងហើយ ដោយវានឹងអនុញ្ញាតឲ្យអាជ្ញាធរធ្វើការកំណត់មុខសញ្ញា និងតាមដានក្រុម ឬជនសង្ស័យដែលអាចបង្កអំពើភេរវកម្ម ខណៈបក្សប្រឆាំងកំពុងតែបង្ហាញការមិនគាំទ្រ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
ការអនុម័តច្បាប់នេះ គឺដោយមានការប្រឹងប្រែងពីនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្សូ អាបេ ដែលបានជម្រុញវាទៅកាន់សភាជាន់ខ្ពស់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង បើទោះបីជាមានការជំទាស់ពីក្រុមប្រឆាំងក៏ដោយ។ រដ្ឋាភិបាលជប៉ុនបានបកស្រាយថា ច្បាប់ខាងលើនេះពិតជាមានសារៈសំខាន់ ក៏ព្រោះតែប្រទេសអាស៊ីបូព៌ាមួយនេះ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិកអន្តរជាតិនៅ ឆ្នាំ២០២០ខាងមុខនេះ ហើយវាក៏ស្របទៅតាមច្បាប់អន្តរជាតិ ដែលជាជប៉ុនជាម្ចាស់ហត្ថលេខីផងដែរ។
គួរបញ្ជាក់ថា ទោះបីជាមានការបកស្រាយយ៉ាងណាក៏ដោយ ក៏ក្រុមអ្នករិះគន់ និងបក្សប្រឆាំងបានលើកឡើងតបវិញថា ច្បាប់ខាងលើនេះនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាជនស៊ីវិល ដែលប្រជាជនខ្លះអាចទទួលរងការរំលោភបំពាន ខណៈអាជ្ញាធរអាចនឹងចាត់វិធានការខុសទៅលើជនស្លូតត្រង់។ សម្រាប់ច្បាប់ថ្មីនេះ គឺមានចែងអំពីស្ថានបទឧក្រិដ្ឋ និងទម្ងន់ទោស សម្រាប់ជនទាំងឡាយណាដែលប្រព្រឹត្តល្មើស ឧទាហរណ៍ដូចជា ក្រុមមនុស្ស(ចាប់ពីពីរនាក់ឡើងទៅ) បើមានម្នាក់ក្នុងនោះបានប្រព្រឹត្តបទឧក្រិដ្ឋតែឯង នោះអ្នកផ្សេងៗទៀតស្ថិតនៅក្នុងក្រុមជាមួយគ្នា ក៏មិនអាចរួចខ្លួនពីសមត្ថកិច្ចនោះដែរ៕