(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងត្រូវបានស៊ើបអង្កេតហើយ ដោយរដ្ឋអាជ្ញាពិសេស លោក Robert Mueller នៅក្នុងក្របខណ្ឌនៃការស៊ើបអង្កេត ពាក់ព័ន្ធនឹងការលូកដៃ ឬបង្កឧបសគ្គដល់ការស៊ើបអង្កេត ទាក់ទិននឹងការជៀតជ្រែករបស់រុស្ស៊ី នៅក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ តាមរយៈការស៊ើបអង្កេតនេះ វាអាចនឹងបង្កហានិភ័យដល់តំណែងប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងករណីដែលគេរកឃើញថា លោកពិតជាបានប្រព្រឹត្តកំហុស ពោលគឺក្រុមសមាជិកសភាប្រជាធិបតេយ្យអាមេរិក មុខជានឹងដាក់សំណើដំណើរការនីតិវិធីទម្លាក់រូបលោកចេញពីតំណែង។ នេះបើតាម Washington Post ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
ជុំវិញការស៊ើបអង្កេតនេះដែរ កាសែត Washington Post ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ទៀតថា នាយកទីភ្នាក់ងារជាតិស៊ើបអង្កេតអាមេរិក លោក Dan Coats, លោក Mike Rogers ជានាយកទីភ្នាក់សន្តិសុខជាតិ (NSA) និងអតីតនាយករង NSA លោក Richard Ledgett បានយល់ព្រមផ្ដល់បទសម្ភាសន៍ ជាមួយក្រុមអ្នកស៊ើបអង្កេតរបស់ លោក Mueller កាលពីដើមសប្ដាហ៍នេះ។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអ្នកច្បាស់របស់លោក ត្រាំ បានថ្កោលទោសចំពោះសេចក្ដីរាយការណ៍នេះ និងអះអាងថា កង្វះខាតព័ត៌មាននៃ FBI ក្នុងការចោទប្រកាន់លើ លោក ត្រាំ គឺជារឿងគួរឱ្យខ្មាសអៀន មិនអាចអត់ឱនឱ្យបាន និងជាទង្វើខុសច្បាប់ រីឯអ្នកនាំពាក្យក្រុមអ្នកស៊ើបអង្កេត លោក Mueller បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។
គួររំលឹកថា កាលពីសប្ដាហ៍មុន ថ្លែងនៅចំពោះមុខគណកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាអាមេរិក អតីតនាយក FBI លោក James Comey បាននិយាយថា លោកជឿជាក់ថា ការបញ្ចប់តួនាទីរបស់លោក ដោយលោក ដូណាល់ ត្រាំ គឺដើម្បីរារាំងដល់ការស៊ើបអង្កេតរបស់ FBI ទៅលើសំណុំរឿងរុស្ស៊ី។ មួយវិញទៀត បើតាម Washington Post ការស៊ើបអង្កេតលើការបង្កឧសគ្គដល់ការស្វែងរកយុត្តិធម៌ ពីសំណាក់ប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានចាប់ផ្ដើមឡើងតាំងតែពី លោក Comey ត្រូវបានបណ្ដេញចេញពីតំណែងកាលពីថ្ងៃទី០៩ ខែឧសភាមកម្ល៉េះ៕