(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ករណីបាញ់ប្រហារគ្នាដ៏កក្រើកមួយ បានកើតមានឡើងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្ស ០៤នាក់ស្លាប់ ក្នុងចំណោមមនុស្សសរុប ០៦នាក់ ដែលបានទទួលរងគ្រាប់កាំភ្លើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
មេបញ្ជាការរងប៉ូលិសប្រចាំទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ លោក Toney Chaplin បានប្រាប់អ្នកសារព័ត៌មាននានាថា «កងកម្លាំងប៉ូលិស បានស្ថិតនៅហ្នឹងកន្លែងកើតហេតុ ដើម្បីតតាំងជាមួយនឹងខ្មាន់កាំភ្លើងម្នាក់ ដែលក្រោយមកបានយកកាំភ្លុងក្បាលខ្លួនឯង រួចក៏បាញ់សម្លាប់ខ្លួនឯងតែម្តង»។ ប៉ូលិសបានរកឃើញកាំភ្លើងខ្លីចំនួនពីរដើម នៅហ្នឹងកន្លែងកើតហេតុ ដែលជាកម្មសិទ្ធិរបស់ជនបង្ក ជាអ្នករស់នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូផ្ទាល់តែម្តង មានឈ្មោះថា Jimmy Lam។
ទីភ្នាក់ងារប៉ូលិសបានអះអាងថា កងកម្លាំងរបស់ខ្លួនមិនធ្វើការបាញ់បោះណាមួយ នៅក្នុងហេតុការណ៍ខាងលើនេះឡើយ ប៉ុន្តែសារព័ត៌មានមួយក្នុងតំបន់បានចេញផ្សាយថា សាក្សីនៅកន្លែងកើតហេតុ បានឃើញខ្មាន់កាំភ្លើងម្នាក់ ធ្វើការបាញ់ប្រហារទៅលើជនរងគ្រោះនានា ដូចជាការប្រហារជីវិតពួកគេដូច្នោះឯង ហើយបុគ្គលឈ្មោះ Lam ដែលជាជនបង្កនោះ គឺត្រូវបានដឹងថា ធ្លាប់មានជំងឺផ្លូវចិត្ត។
គួរបញ្ជាក់ថា ការបាញ់ប្រហារនេះដែរ ត្រូវបានធ្វើឡើងនៅរោងចក្រមួយកន្លែងក្នុងតំបន់ Portero Hill នៃឆ្នេរភាគខាងលិចអាមេរិក ដែលមានមនុស្សបម្រើការងារ ៨៥០នាក់។ សម្រាប់ហេតុការណ៍បាញ់ប្រហារដែលបង្កមនុស្សស្លាប់ ០៤នាក់ និងរបួស ០២នាក់ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតជាបន្តទៀត៕