(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់មន្ទីរពេទ្យ ដែលអ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណៈរដ្ឋ លោក Whip Steve Scalise កំពុងសម្រាកព្យាបាល ក្រោមស្ថានភាពរបួសធ្ងន់ធ្ងរ បន្ទាប់ពីលោក និងមនុស្សជាច្រើននាក់ទៀត ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារ នៅពេលហ្វឹកហាត់លេងបាល់ Baseball នៅទីក្រុង Alexandria នៃរដ្ឋ Virginia កាលពីព្រឹកថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានទៅដល់មន្ទីរពេទ្យ Medstar Washington Hospital នៅម៉ោង ៨៖៤៥នាទីយប់ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន)។ ដោយឡែកភា្លមៗក្រោយ លោក Steve ត្រូវបានខ្មាន់កាំភ្លើងឈ្មោះ James Hodgkinson បាញ់ប្រហារ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងអាចមានភាពខុសគ្នាខាងទស្សនៈនយោបាយ ប៉ុន្តែយើង បានធ្វើយ៉ាងល្អក្នុងពេលនេះ ហើយយើងត្រូវចងចាំថា អ្នកទាំងអស់គ្នាដែលបម្រើការសម្រាប់ប្រជាជាតិរបស់យើង គឺដោយសារតែពួកគេស្រឡាញ់ប្រទេសរបស់យើង។ ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបញ្ជាក់ដែរថា ខ្មាន់កាំភ្លើងបានស្លាប់បាត់បង់ជីវិតហើយ ក្រោយរងរបួសនៅក្នុងការបាញ់តបតជាមួយប៉ូលិស។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បុរសជាខ្មាន់កាំភ្លើង James Hodgkinson មានអាយុ ៦៦ឆ្នាំ មកពីទីក្រុង Belleville នៃរដ្ឋ Illinois គឺជាមនុស្សម្នាក់ ដែលប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ រួមទំាងក្រុមអ្នកសាធារណរដ្ឋ និងជាអ្នកគាំទ្រអតីតបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក Bernie Sander៕