(ឡុងដ៍)៖ ប៉ូលិសនៃចក្រភពអង់គ្លេសបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះអគារខុនដូកម្ពស់២៤ជាន់មួយកន្លែង អស់រយៈពេលជាច្រើនម៉ោងនៅទីក្រុងឡុងដ៍នាថ្ងៃពុធនេះ បានសម្លាប់មនុស្សយ៉ាងតិចចំនួន១២នាក់ រួមទាំងបានបណ្តាល៧៩នាក់ទៀតរបួស និងកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណៈចំនួនអ្នកបាត់បង់ជីវិតទំនងជានឹងបន្តកើនឡើង ដោយសម្អាងថាមនុស្សជាច្រើននាក់ទៀត នៅកំពុងបន្តបាត់ខ្លួននៅឡើយ ដែលត្រូវគេសង្ស័យថា បានជាប់ខ្លួននៅក្នុងអគារកើតហេតុ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph នៅយប់ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
អគារខាងលើនេះមានឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ ដែលត្រូវបានគេរាយការណ៍ថា បានទទួលរងការឆាបឆេះកាលពីវេលាម៉ោង ១៖១៦នាទីយប់ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ចាប់តាំងពីជាន់ទីពីររហូតដល់ជាន់លើបំផុត ហើយក្រុមពន្លត់អគ្គីភ័យដល់ទៅជាង២០០នាក់ បានចូលរួមពន្លត់គ្រោះអគ្គីភ័យដ៏ធំសម្បើមនេះ ហើយកំពុងតែបន្តប្រតិបត្តិការដែលចាំបាច់ដទៃទៀត ហ្នឹងកន្លែងកើតហេតុ ក្រោយពីអគ្គីភ័យបានរលត់ទាំងស្រុង។
គួរបញ្ជាក់ថា មនុស្សរហូតដល់៦០០នាក់ មានទាំងកុមារនិងជនចាស់ជរា ត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅឋានប្រមាណ១២០ខ្នង ដែលនៅក្នុងអគារកម្ពស់២៤ជាន់នោះ នៅពេលដែលអគ្គីភ័យបានកើតឡើង រីឯមូលហេតុដែលបានបង្កជាគ្រោះអគ្គីភ័យវិញ មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ស្របពេលដែលការស៊ើបអង្កេត បាននិងកំពុងធ្វើឡើង៕