(វ៉ាស៊ីនតោន)៖ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់រះ ទៅលើសមាជិកសភារបស់ បក្សសាធារណរដ្ឋក្នុងពេលហ្វឹកហាត់លេងបាល់ នៅក្បែររដ្ឋធានីវ៉ាស៊ីនតោននាព្រឹកថ្ងៃពុធនេះ បង្កឱ្យមានមនុស្សរងរបួសមួយចំនួន ក្នុងនោះរួមទាំងសមាជិកសភាម្នាក់គឺលោក Whip Steve Scalise។ ក្រោយខ្មាន់កាំភ្លើងរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំង នេះបើយោងតាមការលើកឡើងរបស់ប៉ូលីស និងសាក្សីដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
មន្ត្រីរដ្ឋសភាមួយរូបលោក Mo Brooks បានប្រាប់ភ្នាក់ងារសារព័ត៌មាន CNN ថា ខ្មាន់កាំភ្លើងមានប្រដាប់ដោយអាវុធ មានសម្បុរសរ និងធាត់បន្តិច។ លោកបានបន្តថា «ខ្មាន់កាំភ្លើងបានបាញ់ប្រហារប្រមាណពី៥០ ទៅ១០០គ្រាប់» «ខ្ញុំបានលឺលោក Steve Scalise នៅក្បែរនោះស្រែក លោកត្រូវគេបាញ់ប្រហារ»។ លោក Brooks បានជួយទប់ឈាមជនរងគ្រោះ។
លោកបន្តថា« មន្ត្រីសន្តិសុខយើងម្នាក់បានបាញ់ប្រហារបកទៅវិញ ប៉ុន្តែសន្តិសុខមានត្រឹមតែកាំភ្លើងខ្លីប៉ុណ្ណោះ តទល់នឹងកាំភ្លើងវែងរបស់ជនសង្ស័យ។ ចំណែកខ្ញុំមានតែដំបងវាយបាល់ប៉ុណ្ណោះជាអាវុធ»។
ដោយឡែកសារព័ត៌មាន Fox News បានលើកឡើងថា លោក Scalise ត្រូវគេបាញ់ប្រហារត្រង់ត្រគាក ហេតុនេះ មិនមានផលប៉ះពាល់ដល់អាយុជីវិតឡើយ។ សូមជម្រាបថាលោក Scalise ជាបុគ្គលដ៏លេចធ្លោម្នាក់ក្នុងសភាអាមេរិក លោកជាដំណាងរាស្ត្រពីរដ្ឋ Louisiana៕