(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមអ្នកតំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យច្រើនជាង១៩០នាក់ បានដាក់ពាក្យប្ដឹងលោក ដូណាល់ ត្រាំ ទៅកាន់តុលាការសហព័ន្ធនៅថ្ងៃពុធនេះក្រោមបទចោទ ប្រកាន់ថាប្រធានាធិបតីអាមេរិកដ៏ចម្រូងចម្រាសរូបនេះ បានទទួលមូលនិធិពីរដ្ឋាភិបាលបរទេស តាមរយៈសកម្មភាពអាជីវកម្មរបស់លោកដោយគ្មានការអនុញ្ញាតពីសភា អាមេរិកហើយដែលនេះគឺជាទង្វើផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញអាមេរិក និងកម្រកើតឡើងខ្លាំងណាស់នៅក្នុងប្រវត្តិសាស្ត្រអាមេរិក៕
២៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស បានកើនដល់១២៥នាក់ហើយ ខណៈក្រុមអ្នក ជួយសង្រ្គោះកំពុងធ្វើប្រតិបត្តិការរបស់ពួកគេនៅតំបន់រងគ្រោះ ដើម្បីផ្ដល់ជំនួយបន្ទាន់ដល់ប្រជាជនរងគ្រោះ៕
៣៖ យោធាជប៉ុន នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធា នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយមានការចូលរួមពីប្រព័ន្ធស្ទាក់ចាប់មីស៊ីល PAC-3 ដើម្បីបង្កើនសមត្ថភាពប្រព័ន្ធស្ទាក់ ចាប់មីស៊ីល ខណៈកូរ៉េខាងជើងចេះតែបាញ់សាកល្បងមីស៊ីលផ្លោងឥតឈប់ឈរ ធា្លក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួននៅឯសមុទ្រជប៉ុន៕
៤៖ អគ្គរដ្ឋទូតអេមីរ៉ាត់អារ៉ាប់រួម ប្រចាំសហរដ្ឋអាមេរិក លោក Yousef Al Otaiba បានអះអាងថា សហរដ្ឋអាមេរិក គួរតែដកមូលដ្ឋានទ័ពអាកាសរបស់ខ្លួនចេញពីប្រទេស កាតា ដើម្បីសមស្របទៅតាមគោលជំហរនៃបណ្តារដ្ឋអារ៉ាប់មួយចំនួន ដូចជា អារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និងអេមីរ៉ាត់អារ៉ាប់រួមជាដើមដែលកំពុងព្រួតគ្នាសង្កត់កសេដ្ឋី ប្រេង-ឧស្ម័នមួយនេះ ដោយសារឿងគាំទ្រពួកភេរវករ៕
៥៖ អាជ្ញាធរអង់គ្លេស បានឲ្យដឹងថាមនុស្សមួយចំនួនបានស្លាប់ និងច្រើនជាង៥០នាក់ បានរងរបួស និងកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។ មកទល់ព្រឹកថ្ងៃពុធនេះ អគ្គីភ័យដ៏សន្ធោសន្ធៅ ដែលបានឆាបឆេះអគារកម្ពស់២៤ជាន់មួយខ្នងសឹងតែ១០០ភាគរយ នៅក្នុងទីក្រុងឡុងដ៍ ចាប់តាំងពីវេលាយប់រំលងអធាត្រថ្ងៃពុធនេះ បានរលត់ស្ទើរទាំងស្រុងហើយ បន្ទាប់ពីមានការខិតខំប្រឹងប្រែងចូលរួមពន្លត់ពីកងកម្លាំងអគ្គីភ័យជាង ២០០នាក់។ ប៉ុន្តែភ្លាមៗមូលហេតុបង្កឱ្យមានអគ្គិភ័យនេះ ពុំទាន់ត្រូវបានគេបញ្ជាក់ នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើដំណើរការ៕
៦៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បាននិយាយថា ទីក្រុងបាកដាដមិនយល់ស្របឡើយ ចំពោះការធ្វើឱ្យរដ្ឋណាមួយ នៃតំបន់ឈូងសមុទ្រហ្គូលកា្លយជាប្រទេសឯកោ ដោយលោកបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការកាត់ផ្ដាច់ការផ្ដល់ហិរញ្ញវត្ថុដល់ក្រុមភេរវករ។ ការលើកឡើងបែបនេះរបស់លោកនាយរដ្ឋមន្ត្រី ធ្វើឡើងចំពេលអារ៉ាប៊ីសាអូឌីត និងសម្ពន្ធមិត្តរបស់ខ្លួន កំពុងធ្វើសង្រ្គាមការទូតជាមួយកាតា៕