(ឡុងដ៍)៖ មនុស្សមួយចំនួនបានស្លាប់ បន្ទាប់ពីគ្រោះអគ្គីភ័យដ៏ធំមួយ បានឆាបឆេះអគារកម្ពស់២៤ជាន់មួយកន្លែង នៅភាគខាងលិចទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ហើយជាច្រើននាក់ផ្សេងនាក់កំពុងបន្តបាត់ខ្លួន ខណៈមានសេចក្តីរាយការណ៍ពីសាក្សី នៅហ្នឹងកន្លែងកើតហេតុថា មានមនុស្សជាប់នៅក្នុងលំនៅឋានរបស់ពួកគេ ក្នុងអគារខុនដូ ជាពិសេសអ្នកដែលស្ថិតនៅជាន់ខ្ពស់ៗខាងលើ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅរសៀលថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
អគារខាងលើនេះមានឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ ដែលត្រូវបានគេរាយការណ៍ថា បានឆាបឆេះតាំងពីវេលាម៉ោង ១៖១៦នាទីយប់ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ហើយក្រុមពន្លត់អគ្គីភ័យដល់ទៅ២៤០នាក់ បាននិងកំពុងបន្តស្ថិតនៅកន្លែងកើតហេតុ ស្របពេលអណ្តាតភ្លើងស្ទើរតែរលត់ទាំងស្រុង។ ម៉្យាងវិញទៀត ប្រជាជនដែលរស់នៅក្បែរខាងអគារកើតហេតុ ក៏ត្រូវបានជម្លៀសចេញផងដែរ ព្រោះភ័យខ្លាចក្រែងអគារនោះដួលរលំ។
មនុស្សរហូតដល់ ៦០០នាក់ ត្រូវបានគេជឿជាក់ថា បានស្ថិតនៅក្នុងលំនៅឋានចំនួន១២០ខ្នង ដែលស្ថិតនៅក្នុងអគារកម្ពស់២៤ជាន់នេះ នៅពេលដែលអគ្គីភ័យបានកើតឡើង។ មកទល់ពេលនេះ យ៉ាងហោចណាស់ ជនរងគ្រោះកើនដល់៥០នាក់ ដែលបានទទួលរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន០៥កន្លែងទូទាំងទីក្រុងឡុងដ៍ ហើយគេពុំទាន់ដឹងច្បាស់នៅឡើយទេថា តើមានមនុស្សប៉ុន្មាននាក់ ដែលមានសំណាងអាចភៀសខ្លួនចេញពីអគារទៅកាន់ទីសុវត្ថិភាពបាននោះ។
ស្នងការពន្លត់អគ្គីភ័យនៃទីក្រុងឡុងដ៍លោកស្រី Dany Cotton បានបញ្ជាក់ឲ្យដឹងថា មានមនុស្សមួយចំនួន បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ ដែលពុំធ្លាប់បានកើតមានឡើងពីមុនមកនេះ ហើយលោកស្រី ក៏បានបន្តទៀតថា មូលហេតុនៃគ្រោះអគ្គីភ័យនេះ មិនទាន់ត្រូវដឹងច្បាស់នៅឡើយទេ ស្របពេលដែលការស៊ើបអង្កេតលើរឿងនេះ កំពុងធ្វើឡើង៕