អគ្គរដ្ឋអាជ្ញាអាមេរិក៖ «ខ្ញុំមិនបានលួចសមគំនិតជាមួយទីក្រុងម៉ូស្គូនោះទេ! វាគឺជារឿងកុហកដ៏គួរឲ្យស្អប់!»
14-06-2017 14:29
(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋអាជ្ញាអាមេរិក លោក Jeff Sessions បានអះអាងនៅចំពោះមុខ គណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាអាមេរិកថា លោកមិនបានដឹងទាល់តែសោះ ចំពោះទំនាក់ទំនងរវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ដូណាល់ ត្រាំ ជាមួយរដ្ឋាភិបាលរុស្ស៊ី ហើយថា ការចោទប្រកាន់លោកបែបនេះ គឺជារឿងកុហុកគួរឱ្យស្អប់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក Jeff Sessions បានគូសបញ្ជាក់ដូច្នេះថា « រាល់ការចោទប្រកាន់ទំាងឡាយថា ខ្ញុំបានសមគំនិតជាមួយរុស្ស៊ី ប្រឆាំងនឹងប្រទេសរបស់ខ្ញុំ គឺជារឿងកុហកគួរឱ្យស្អប់... ត្បិតខ្ញុំមិនមានជំនួបឯកជនណាមួយជាមួយមន្ត្រីរុស្ស៊ីឡើយ ហើយខ្ញុំក៏មិនធ្លាប់ទទួលអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីជជែកគ្នាពីរឿងជួយឱ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះដែរ»។
គួរបញ្ជាក់ថា បើតាមលោក Jeff Sessions លោកពិតជាមានទំនុកចិត្តលើ លោក Robert Mueller ដែលទើបត្រូវបានតែងតាំងជាអគ្គរដ្ឋអាជ្ញាពិសេស។ អគ្គរដ្ឋអាជ្ញាពិសេសរូបនេះ ទទួលបន្ទុកលើការស៊ើបអង្កេតជុំវិញ ការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ក៏ដូចជាទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ដូណាល់ ត្រាំ ដោយសារតែសំណុំរឿងនេះ វាបានបង្កឱ្យមានការបាក់បែក នៅក្នុងចំណោមអ្នកនយោបាយអាមេរិក រហូតដល់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Flynn លាលែងពីតំណែង ខណៈនាយក FBI លោក James Comey ត្រូវបានលោក ត្រាំ បញ្ចប់តួនាទីទាំងទទឹងទិស៕