(ម៉ូស្គូ)៖ ក្រុមអ្នកតវ៉ាដែលភាគច្រើនសុទ្ធតែជាយុវវ័យ និងត្រូវបានចាប់ខ្លួននៅក្នុងការប្រមូលផ្តុំគ្នាធ្វើបាតុកម្មមួយ ក្នុងទីក្រុងម៉ូស្គូ កាលពីដើមសប្តាហ៍នេះនោះ ត្រូវបានអាជ្ញាធររុស្ស៊ីសម្រេចធ្វើការដោះលែងវិញ ស្ទើរតែទាំងអស់ហើយ។ នេះបើតាមការឲ្យដឹងរបស់លោក Vladimir Chernikov ប្រធាននាយកដ្ឋានសន្តិសុខ និងប្រឆាំងអំពើពុករលួយ នៃប្រទេសរុស្ស៊ី ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ សមត្ថកិច្ចបានប៉ាន់ប្រមាណឃើញថា មនុស្សប្រមាណជា៤,៥០០នាក់ បានចូលរួមក្នុងការធ្វើបាតកម្មមួយមានគោលដៅប្រឆាំងនឹងអំពើពុករលួយ នៅឯទីក្រុងម៉ូស្គូ ដែលពុំមានការអនុញ្ញាតពីរដ្ឋាភិបាលឡើយ ហើយយោងតាមក្រសួងមហាផ្ទៃរុស្ស៊ី ក្រុមអ្នកតវ៉ាជាង ១៥០នាក់ ហើយក្នុងចំណោមនោះមានយុវវ័យ ដែលមានអាយុមិនទាន់ស្របច្បាប់សរុបចំនួន ១៣៦នាក់ ក៏ប៉ុន្តែពួកគេស្ទើរតែទាំងអស់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញភ្លាមៗ។
យ៉ាងណាមិញ លោក Chernikov បានបញ្ជាក់ថា យុវវ័យម្នាក់នឹងត្រូវប្រឈមមុខក្នុងតុលាការ ដោយអនុឡោមតាមនីតិវិធីនៃក្រមព្រហ្មទណ្ឌ ខណៈម្នាក់ទៀតកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្នសម្រាប់អនីតិជន ដោយសារតែពុំមានឯកសារណាមួយជាប់នឹងខ្លួន ហើយឪពុកម្តាយរបស់ម្នាក់នោះ ក៏មិនទាន់បានបង្ហាញខ្លួនថែមទៀត៕