(ឡុងដ៍)៖ ទីភ្នាក់ងារសង្រ្គោះបន្ទាន់នៃចក្រភពអង់គ្លេស បានឲ្យដឹងនៅមុននេះបន្តិចថា មនុស្សយ៉ាងហោចណាស់ចំនួន ៣០នាក់ បានរងរបួសនិងកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ ស្របពេលដែលមកទល់ព្រឹកថ្ងៃពុធនេះ អគ្គីភ័យដ៏សន្ធោសន្ធៅ ដែលបានឆាបឆេះអគារកម្ពស់២៤ជាន់ (កាលពីដើមឡើយមានការផ្សាយថា ២៧ជាន់) មួយខ្នងសឹងតែ ១០០ភាគរយនោះ នៅក្នុងទីក្រុងឡុងដ៍ ចាប់តាំងពីវេលាយប់រំលងអធាត្រថ្ងៃពុធនេះ (ពេលវេលាក្នុងទីក្រុងឡុងដ៍) បានរលត់ស្ទើរទាំងស្រុងហើយ នៅសល់តែផ្សែងហុយឡើងប៉ុណ្ណោះ ហើយអគារនោះក៏ពុំបានដួលរលំដែរ បន្ទាប់ពីមានការខិតខំប្រឹងប្រែងចូលរួមពន្លត់ពីកងកម្លាំងអគ្គីភ័យជាង ២០០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph នៅរសៀលថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
អគារខាងលើនេះមានឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ ដែលត្រូវបានគេរាយការណ៍ថា បានឆាបឆេះនាវេលាម៉ោង ១៖១៦នាទីយប់ (ម៉ោងក្នុងតំបន់)។ ក្រុមពន្លត់អគ្គីភ័យមានគ្នាចំនួន ២៤០នាក់ បាននិងកំពុងបន្តស្ថិតនៅកន្លែងកើតហេតុ ខណៈអណ្តាតភ្លើងស្ទើរតែរលត់ទាំងស្រុង ហើយប្រជាជននៅអគារក្បែរខាងអគារកើតហេតុក៏ ត្រូវបានជម្លៀសចេញផងដែរ ព្រោះភ័យខ្លាចក្រែងអគារនោះដួលរលំ។
យ៉ាងណាមិញ អាជ្ញាធរនៅតំបន់កើតហេតុ បានឲ្យដឹងទៀតថា មនុស្សរាប់រយនាក់ ច្បាស់ជាមានវត្តមាន នៅក្នុងអគារខាងលើនេះ នៅពេលដែលគ្រោះអគ្គីភ័យបានកើតឡើង។ ម៉្យាងវិញទៀត សាក្សីនៅហ្នឹងកន្លែងកើតហេតុ ក៏បានបញ្ជាក់ដែរថា មានមនុស្សស្រែកឲ្យជួយ ខណៈអណ្តាតភ្លើងបានឆាបឆេះអគារនោះ ដែលមានផ្ទុកលំនៅឋានចំនួន១២០ខ្នង ហើយអ្នកស្នាក់នៅមួយចំនួនទៀត ត្រូវបានគេប្រទះឃើញថា បានប្រើប្រាស់កម្រាលពូក ដើម្បីភៀសខ្លួនចេញពីអគារកម្ពស់២៤ជាន់នេះ។
គួរបញ្ជាក់ថា ពុំទាន់មានសេចក្តីការណ៍ណាមួយ បង្ហាញពីចំនួនមនុស្សបាត់បង់ជីវិត នៅក្នុងហេតុការណ៍នេះនៅឡើយទេ ហើយក៏ពុំទាន់មានការអះអាងពីអាជ្ញាធរអង់គ្លេស ថាតើពិតជាមនុស្សជាប់នៅក្នុងអគារខាងលើដែរ ឬយ៉ាងណានោះដែរ។ ដោយឡែកសម្រាប់មូលហេតុ ដែលបានបណ្តាលឲ្យកើតគ្រោះអគ្គីភ័យដ៏កក្រើកនេះ ក៏មិនទាន់មានការបញ្ជាក់នោះដែរ៕