(ប៉េកាំង)៖ មនុស្សយ៉ាងហោចណាស់ ១០០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លំាងនៅក្នុងទីក្រុង Shenzhen បន្ទាប់ពីព្យុះទីហ្វុង Merbok ដែលជាព្យុះទីហ្វុងទី០២នៅក្នុងឆ្នាំនេះ បានបង្កជាគ្រោះរអិលបាក់នៅក្នុងទីក្រុងនៃភាគខាងត្បូងប្រទេសចិន កាលពីយប់ថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
គិតត្រឹមព្រឹកថ្ងៃចន្ទ ដល់ព្រឹកថ្ងៃពុធ កម្ពស់ទឹកភ្លៀងបានហក់ឡើង ៨១មីលីម៉ែត្រ និង២១៩មីលីម៉ែត្រ នៅតាមតំបន់មួយចំនួន ដែលទទួលរងឥទ្ធិពលពីព្យុះទីហ្វុងនេះ។ ចំណែកឯទូកនេសាទ ២១៩៨គ្រឿង បានត្រឡប់ចូលកំពង់ផែវិញ រួមជាមួយជើងហោះហើរជាង ២៣០ នៅទីក្រុង Shenzhen ត្រូវបានលុបចោល។ ប៉ុន្តែទន្ទឹមគ្នានេះ ខាងអាជ្ញាធរនៅមិនទាន់បានបញ្ជាក់ពីទំហំនៃការបំផ្លិចបំផ្លាញ ឬជនរងគ្រោះនៅឡើយទេ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Merbok បានប្រែក្លាយជាព្យុះត្រូពិច ក្រោយបានបង្កជាគ្រោះរអិលបាក់ដី និងបក់បោកក្នុងល្បឿនខ្យល់ ២៣ម៉ែត្រក្នុងមួយវិនាទី៕