(ម៉ូស្គូ)៖ អគ្គរដ្ឋទូតអេមីរ៉ាត់អារ៉ាប់រួមប្រចាំសហរដ្ឋអាមេរិក លោក Yousef Al Otaiba បានអះអាងថា សហរដ្ឋអាមេរិកគួរតែដកមូលដ្ឋានទ័ពអាកាសរបស់ខ្លួន ចេញពីប្រទេសកាតាទៅ ដើម្បីសមស្របទៅតាមគោលជំហរនៃបណ្តារដ្ឋអារ៉ាប់មួយចំនួន ដូចជា អារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និងអេមីរ៉ាត់អារ៉ាប់រួមជាដើម ដែលកំពុងព្រួតគ្នាសង្កត់កសេដ្ឋីប្រេង-ឧស្ម័នមួយនេះស្រាប់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
លោក Yousef Al Otaiba បានបញ្ជាក់យ៉ាងដូច្នេះថា «មូលដ្ឋានទ័ពអាកាសនេះ គឺជានយោបាយធានាសុវត្ថិភាពយ៉ាងល្អប្រសើរណាស់ ដើម្បីទប់ទល់នឹងការដាក់សម្ពាធបន្ថែមណាមួយ។ វាប្រហែលជានរណាម្នាក់ នៅក្នុងសភា គួរតែធ្វើការរៀបចំសេចក្តីសម្រេចអំពីរឿងនេះ ដោយគួរធ្វើការពិចារណាថា តើនឹងប្តូរវាចេញឬទេ?» អគ្គរដ្ឋទូតរូបនេះបានសង្កត់ធ្ងន់ថា វាទំនងជាមូលហេតុដែលគ្មានការចាត់ការទីក្រុងដូហាត្រូវបានធ្វើឡើង ពីព្រោះតែមានមូលដ្ឋានទ័ពអាកាសអាមេរិកនៅទីនោះ។
ទោះបីជាបែបនេះក្តី ជំហរអាមេរិកចំពោះកាតានៅស្ថិតនៅជាកណ្តាល ដូចជាការដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ធ្លាប់បានលើកឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ លោក ជីម ម៉ាត់ទីស ថា បណ្តារដ្ឋឈូងអារ៉ាប់ទាំងអស់ គួរតែរក្សានូវការរួបរួមគ្នាដដែល និងព្យាយាមដោះស្រាយបញ្ហាជាមួយនឹងប្រទេសកាតា។ គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាសអាមេរិកនៅកាតា «CENTCOM» គឺធំបំផុតនៅមជ្ឈិមបូព៌ា ដោយមានកងកម្លាំងអាមេរិក ១០,០០០នាក់ឈរជើង ហើយក៏ជាបណ្តាញទំនាក់ទំនងកណ្តាលរវាង ទីក្រុងវ៉ាស៊ីនតោន និងមជ្ឈិមបូព៌ាផងដែរ៕