(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា យោធាជប៉ុននឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធា ដោយមានការចូលរួមពីប្រព័ន្ធស្ទាក់ចាប់មីស៊ីល PAC-3 ខណៈកូរ៉េខាងជើង ចេះតែបាញ់សាកល្បងមីស៊ីលផ្លោងឥតឈប់ឈរ ធា្លក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន នៅឯសមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមរដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី Tomomi Inada សមយុទ្ធយោធានេះនឹងត្រូវធ្វើឡើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅតាមមូលដ្ឋានយោធាចំនួន ០៤ និងមូលដ្ឋានយោធាជាច្រើននៅទូទំាងប្រទេស។ បន្ថែមពីលើនេះលោកស្រីរដ្ឋមន្ត្រីការពារជាតិ ក៏បានគូសបញ្ជាក់ផងដែរពី សារៈសំខាន់នៃសមយុទ្ធយោធានេះ ដែលនឹងផ្ដោតសំខាន់ទៅលើតាក់ទិច ក្នុងការទប់ស្កាត់ ឬក៏កម្ទេចមីស៊ីលផ្លោងបាញ់ចេញពីកូរ៉េខាងជើងជាយថាហេតុណាមួយ នៅក្នុងបរិបទប្រទេសកុម្មុយនីស្ដឯកោមួយនេះ កាន់តែមានភាពរីកចំរើនទៅមុខលើបច្ចេកវិទ្យាមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ការប្រកាសធ្វើសមយុទ្ធយោធារបស់ជប៉ុន ធ្វើឡើងនៅបន្ទាប់ពីយោធាអាមេរិក បានអះអាងថា កូរ៉េខាងជើងទំនងជាអាចនឹងបាញ់សាកល្បង មីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកដំបូងនៅក្នុងឆ្នាំ២០១៧នេះ រីឯក្រុមអ្នកជំនាញមួយចំនួនព្យាករណ៍ថា ទីក្រុងព្យុងយ៉ាងអាចនឹងផលិតបានមីស៊ីលផ្លោង ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ មានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក យ៉ាងយូរនៅឆ្នាំ២០២០៕