(ឡុងដ៍)៖ ឈានមកដល់ម៉ោង ៤៖០០នាទីទៀបភ្លឺថ្ងៃពុធ (ម៉ោងនៅទីក្រុងឡុងដ៍) ប៉ូលិស និងក្រុមពន្លត់អគ្គីភ័យនៅតែបន្តប្រតិបត្តិការសង្គ្រោះ និងជម្លៀសមនុស្សម្នាចេញពីតំបន់អគារកម្ពស់ ២៤ជាន់ កំពុងឆាបឆេះស្ថិតនៅភាគខាងលិចទីក្រុងឡុងដ៍ ខណៈសាក្សីនៅកន្លែងកើតហេតុបានអះអាងថា បានប្រទះឃើញភ្លើងពិលដែលអាចមនុស្សនៅលើកំពូលអគារដែលកំពុងឆាបឆេះ បានគ្រវីសញ្ញាសុំជំនួយ ប៉ុន្តែក្នុងស្ថានភាពបែបនេះ ក្រុមសង្គ្រោះពិតជាពិបាកណាស់នឹងធ្វើការជួយសង្គ្រោះនរណាម្នាក់ ចេញពីអគារដែលឆេះទាំងស្រុងទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយ BBC នាព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
អគារខាងលើនេះមានឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ ដែលត្រូវបានគេរាយការណ៍ថា បានឆាបឆេះនៅវេលាម៉ោង ១៖១៦នាទីយប់ (ម៉ោងក្នុងតំបន់)។ ក្រុមពន្លត់អគ្គីភ័យមានគ្នា ២៤០នាក់ កំពុងស្ថិតនៅកន្លែងកើតហេតុ ដោយប្រជាជននៅអគារក្បែរខាងអគារកើតហេតុត្រូវបានជម្លៀសចេញ ព្រោះអ្នកជំនាញបានព្រមានថា អគារកម្ពស់២៧ជាន់ដែលកំពុងនេះ នឹងអាចរលំក្នុងពេលឆាប់ៗ។
សាក្សីនៅហ្នឹងកន្លែងកើតហេតុបានឲ្យដឹងទៀតថា «អគារនោះវាឆាបឆេះដល់ស្នូលទៅហើយ វាពិតជាអាក្រក់ខ្លាំងណាស់។ មនុស្សមួយចំនួនទំនងជាស្ថិតនៅក្នុងលំនៅឋានពួកគេនៅឡើយ»។ គួរបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់អំពីចំនួនមនុស្សរងរបួស ឬស្លាប់នោះឡើយ ហើយក៏មិនទាន់មានការអះអាងថា វាអាចជាអំពើភេរវកម្មនោះដែរ៕