(ឡុងដ៍)៖ ហេតុការណ៍អគ្គីភ័យដ៏គួរឲ្យរន្ធត់បំផុត បានកើតឡើងនៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ទាំងពេលទៀប​ភ្លឺថ្ងៃពុធនេះតែម្តង ដោយអគារដ៏ខ្ពស់ស្កឹមស្កៃមួយ កម្ពស់ដល់ទៅ២៧ជាន់ បានឆាបឆេះទាំងមូលតែម្តង នៅភាគខាងលិចរាជធានី នៃប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយពី​សារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។

អគារខាងលើនេះមានឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិច​ទីក្រុងឡុងដ៍ ដែលត្រូវបានគេរាយការណ៍ថា បានឆាបឆេះនៅវេលាម៉ោង ១៖១៦នាទីយប់ (ម៉ោងក្នុងតំបន់)។ ក្រុមពន្លត់អគ្គីភ័យមានគ្នា ២០០នាក់ កំពុងស្ថិតនៅកន្លែងកើតហេតុ ខណៈ ៤០នាក់កំពុងត្រូវ​គេបញ្ជូនទៅកាន់ទីនោះ ដោយប្រជាជននៅអគារក្បែរខាងអគារកើតហេតុ​ត្រូវបានជម្លៀសចេញ ព្រោះអ្នក​ជំនាញបាន​ព្រមានថា អគារកម្ពស់២៧ជាន់ដែលកំពុងនេះ នឹងអាចរលំក្នុងពេលឆាប់ៗ៕