(ដាកា)៖ ចំនួនមនុស្សស្លាប់ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងដំណំ និងការបាក់ដីនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស បានកើនដល់ ១២៥នាក់ហើយ ដែលវាជាចំនួនដ៏ច្រើនខ្លាំងណាស់ បើប្រៀបធៀបនឹងកាលពីថ្ងៃអង្គារម្សិលមិញ ដែលអាជ្ញាធរបង់ក្លាដែសបានរាយការន៍ថា មនុស្ស ៤៥នាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមមន្ត្រីបង់ក្លាដែសម្នាក់នៃស្រុក Chittagong ដោយសារតែទទួលរងសម្ពាធទាប នៅឯតំបន់ឆ្នេរ Bengal វាបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លំាង ព្រមទាំងគ្រោះរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៥នាក់ (ក្នុងនោះមានកងកម្លាំងសង្គ្រោះជាង ១០នាក់) នៅក្នុងស្រុកចំនួន០៣ មានដូចជា Chittagong, Cox's Bazaar និងស្រុក Bandarban គិតចាប់តាំងពីថ្ងៃចន្ទម្សិលមិញមក។ មន្ត្រីរូបនេះដដែល នៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ទៀតថា កងកម្លាំងយោធា ប៉ូលិស និងភ្នាក់ងារពន្លត់អគិ្គភ័យនៅព្រឹកថ្ងៃអង្គារនេះ បានចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរឧតុនិយមបង់ក្លាដែស កម្ពស់ទឹកនៅតាមតំបន់ស្ថិតនៅជិតដងទន្លេ ដូច្នេះហើយទើបពួកគេ អំពាវនាវឱ្យប្រជាជនរបស់ខ្លួនមានការប្រុងប្រយ័ត្តខ្ពស់ ខណៈរដ្ឋធានីដាកា និងស្រុក Chittagone ត្រូវបានទឹកជន់លិច។ បន្ថែមពីនេះក្រុមសង្គ្រោះ ១០នាក់ ក៏បានទទួលរងរបួសផងដែរ គិតចាប់តាំងពីគ្រោះមហន្តរាយកើតឡើងតាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមក៕